(ឡុងដ៏)៖ ក្លិបលីគអង់គ្លេស West Ham United បានយល់ព្រមលើតម្លៃប្រមាណ ២៧លានផោន ជាមួយការចរចានឹងក្លិប Borussia Dortmund ក្នុងចុះកិច្ចសន្យានាំយកកីឡាករ Niclas Fullkrung ដែលជាខ្សែប្រយុទ្ធរកបាន ២គ្រាប់ជាមួយជម្រើសជាងអាល្លឺម៉ង់ នៅព្រឹត្តិការណ៍ Euro 2024 ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

Niclas Fullkrung ជាខ្សែប្រយុទ្ធមួយរូបមានវ័យ ៣១ឆ្នាំ រកបាន ១៥គ្រាប់ពីការលេង ៤៦ប្រកួតនារដូវកាលមុន ជាមួយក្លិប Dortmund និងបានរួចចំណែកជួយក្រុមឈរដល់វគ្គផ្តាច់ព្រ័ត្រ Champions League នាមជាកីឡាករដែលនាំមកក្នុងតម្លសត្រឹម ១២.៦លានផោនពីក្លិប Werder Bremen ។

ដ្បិតស្ថិតក្នុងទីផ្សារដោះដូរនេះ ក្លិបញញួរធំក៏មានការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Jhon Duran របស់ក្លិប Aston Villa ផងដែរ បន្ថែមលើការទិញបានរួចរាល់នៅកីឡាករ Max Kilman ក្នុងតម្លៃ ៤០លានផោន ជាមួយអ្នកចាំទី Wes Foderingham ជាមួយតម្លៃមិនត្រូវបានបង្ហាញ និងការទិញបានខ្សែប្រយុទ្ធ Luis Guilherme តម្លៃប្រមាណ ២៥.៥លានផោន ។

រំលឹកផងថា រដូវកាល២០២៣-២៤ ក្លិប West Ham United បានបញ្ចប់នៅចំណាត់ថ្នាក់លេខរៀងទី៩ ឈរពីលើក្លិប Man United ខណៈពេលនេះក៏មានការចាប់អារម្មណ៍លើខ្សែបម្រើការពារ Aaron Wan Bissaka របស់បិសាចក្រហមផងដែរក្នុងការតៀមរដូវកាលថ្មីរបស់ពួកគេ ៕