(បរទេស)៖ ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ បានដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមហ៊ុន ByteDance មេធំរបស់កម្មវិធី TikTok ជុំវិញការបរាជ័យក្នុងការការពារភាពសិទ្ធឯកជនរបស់កុមារ ខណៈរដ្ឋបាលលោក Biden កំពុងបន្តចាត់វិធានការផ្លូវច្បាប់បង្ក្រាបកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

រដ្ឋាភិបាលអាមេរិក បានអះអាងថា កម្មវិធីវីដេអូខ្លីៗ TikTok បានរំលោភលើច្បាប់ស្តីពីការការពារភាពឯកជន លើអ៊ីនធឺណិតរបស់កុមារ ដែលទាមទារឲ្យបំពេញលក្ខខណ្ឌនានាមានគោលបំណងប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ ដែលមានអាយុក្រោម១៣ឆ្នាំ។ វេទិកាវីដេអូខ្លីដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនមួយនេះ មានអ្នកប្រើប្រាស់ប្រហែល១៧០លាននាក់នៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំងនឹងច្បាប់ថ្មី ដែលនឹងបង្ខំ ByteDance ឱ្យដកហូតទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី១៩ ខែមករា ឬប្រឈមនឹងការហាមឃាត់។

បណ្ដឹងខាងលើនេះ ត្រូវបានគេចាត់ទុកថាជាចំណាត់ការចុងក្រោយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង TikTok និងឪពុកម្តាយរបស់ក្មេងៗក្រុមអាយុ១៣ឆ្នាំ ដែលបានប្តឹងដោយសារការភ័យខ្លាចថា ក្រុមហ៊ុនមួយនេះប្រមូលទិន្នន័យយ៉ាងច្រើនពីជនជាតិអាមេរិកដោយមិនត្រឹមត្រូវ ដើម្បីផ្តល់ឲ្យរដ្ឋាភិបាលចិន និងអាចបង្កគ្រោះថ្នាក់ដល់ជនជាតិអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា TikTok មានចេតនាអនុញ្ញាតឱ្យកុមារអាចបង្កើតគណនី TikTok ធម្មតាបាន ហើយបន្ទាប់មកបង្កើត និងចែករំលែកវីដេអូ និងសារខ្លីៗជាមួយមនុស្សពេញវ័យ និងអ្នកដទៃនៅលើវេទិកា TikTok។ TikTok បានប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារទាំងនេះ ដោយមិនទទួលបានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។

ជុំវិញបញ្ហានេះ TikTok បាននិយាយនៅថ្ងៃសុក្រដដែលថា «យើងមិនយល់ស្របជាមួយការចោទប្រកាន់ទាំងនេះឡើយ ដែលភាគច្រើនទាក់ទងនឹងព្រឹត្តិការណ៍ និងការអនុវត្តកន្លងមក ដែលមិនត្រឹមត្រូវ ឬត្រូវបានដោះស្រាយ។ យើងមានមោទនភាពចំពោះកា រខិតខំប្រឹងប្រែងរបស់យើង ដើម្បីការពារកុមារ ហើយយើងនឹងបន្តធ្វើបច្ចុប្បន្នភាព និងកែលម្អវេទិកានេះ»