(បរទេស)៖ ក្រុមហ៊ុន Intel ប្រកាសពីការធ្លាក់ចុះតម្លៃភាគហ៊ុនរហូតដល់២៦% នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលជាការខាតបង់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៩៧៤មក ខណៈការធ្លាក់ចុះនេះ គឺបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីប Intel បានព្យួរការចែកភាគលាភដល់ម្ចាស់ភាគហ៊ុន និងកាត់បន្ថយកម្លាំងពលកម្ម ដើម្បីទប់ទល់ការចំណាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

ការដាំក្បាលចុះយ៉ាងខ្លាំងនេះ បានធ្វើឲ្យក្រុមហ៊ុន Intel បាត់បង់តម្លៃលើទីផ្សារជាង ៣០ពាន់លានដុល្លារ បន្ទាប់ពីបានផ្តល់នូវការព្យាករណ៍ដ៏ខកចិត្តមួយ ហើយបាននិយាយថាខ្លួននឹងកាត់បន្ថយ ១៥% នៃកម្លាំងការងារក្នុងក្រុមហ៊ុន ដោយធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសមត្ថភាពរបស់ក្រុមហ៊ុននេះ ក្នុងការរត់តាមឲ្យទាន់ក្រុមហ៊ុនបន្ទះឈីប TSMC របស់តៃវ៉ាន់ និងក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត។ ភាគហ៊ុនរបស់ Intel បានបញ្ចប់ក្នុងតម្លៃ ២១.៤៨ដុល្លារ ដែលជាតម្លៃទាបបំផុតចាប់តាំងពីឆ្នាំ២០១៣។

លោក Stacy Rasgon អ្នកវិភាគមកពី Bernstein បាននិយាយថា «បញ្ហារបស់ក្រុមហ៊ុន Intel ឥឡូវនេះកំពុងខិតជិតដល់អត្ថិភាពនៅក្នុងទស្សនៈរបស់យើង» ។ លោក Rasgon បាននិយាយថា Intel អាចបន្ថែមសាច់ប្រាក់ចំនួន៤០ពាន់លានដុល្លារទៅក្នុងតារាងតុល្យការរបស់ខ្លួននៅចុងឆ្នាំ២០២៥ តាមរយៈការផ្លាស់ប្តូរ ក៏ដូចជាការឧបត្ថម្ភធន និងការរួមចំណែកពីដៃគូ»។

គួរជម្រាបថា មិនមែនមានតែក្រុមហ៊ុន Intel មួយទេ ដែលធ្លាក់ចុះតម្លៃភាគហ៊ុននាពេលបច្ចុប្បន្ននេះ ក្នុងនោះក្រុមហ៊ុនដែលលក់ឧបករណ៍ប្រើប្រាស់ក្នុងរោងចក្រដែលដំណើរការដោយឧបករណ៍របស់ Intel និងក្រុមហ៊ុនផលិតផ្សេងទៀតបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញពីការព្រួយបារម្ភរបស់វិនិយោគិន អំពីល្បឿននៃការវិនិយោគនាពេលអនាគតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៃផលិតកម្មមួយនេះ។ ក្រុមហ៊ុន Applied Materials, ASML, KLA សុទ្ធតែធ្លាក់ចុះប្រហែល ៨%។ ងាកមក Nvidia បានធ្លាក់ចុះជិត ២% ខណៈ AI processors ដែលជាឧបករណ៍ធ្លាប់លក់បានច្រើន ស្រាប់តែធ្លាក់ចុះជាង ២០% ពីកំណត់ត្រាខ្ពស់បំផុតរបស់ខ្លួននៅថ្ងៃទី១៨ ខែមិថុនា៕