(បរទេស)៖​ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសរបស់រុស្ស៊ីបានចោទប្រកាន់​ YouTube ជាថ្មី ថាបានរឹតបន្តឹងការចូលប្រើប្រាស់ព័ត៌មានរបស់ប្រជាជនរុស្ស៊ី តាមសេចក្តីបង្គាប់របស់សហរដ្ឋអាមេរិក ព្រមទាំងព្រមានថា ខ្លួនមានហេតុផលគ្រប់គ្រាន់ដើម្បីចាត់វិធានការប្រឆាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសរុស្ស៊ីបានរិះគន់យ៉ាងចាស់ដៃដល់ក្រុមហ៊ុន Google ដែលជាមេធំរបស់ YouTube ចំពោះការដកបណ្តាញប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងបុគ្គលសាធារណៈ ក៏ដូចជាការខកខានក្នុងការលុបខ្លឹមសារដែលទីក្រុងម៉ូស្គូចាត់ទុកថាខុសច្បាប់ និងមិនពិត និងការមិនរក្សាទុកទិន្នន័យឱ្យបានត្រឹមត្រូវនៅក្នុងប្រទេស។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានហេតុផលសំខាន់ៗជាច្រើន ដើម្បីចាត់វិធានការប្រឆាំងនឹងវេទិកាចែករំលែកវីដេអូ YouTube»។ លោកស្រីបានសង្កត់ធ្ងន់ថា «ការបំពានច្បាប់រុស្ស៊ីជាប្រព័ន្ធ និងការមិនយកចិត្តទុកដាក់ចំពោះទស្សនិកជនក្នុងស្រុក» ហេតុផលទាំងនេះទុកឱ្យរដ្ឋជាអ្មកចាត់វិធានការតាមផ្លូវច្បាប់។

យ៉ាងណាជុំវិញការចោទប្រកាន់នេះ ក្រុមហ៊ុន Google មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោកស្រី Zakharova នោះទេ។

គួរជម្រាបដែរថា ការរិះគន់កាន់តែខ្លាំងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ គឺដោយសារសមាជិកសភាជាន់ខ្ពស់រុស្ស៊ីបានលើកឡើងអំពីល្បឿនទាញយកមានលក្ខណៈយឺតយ៉ាវនៅលើ YouTube​ រួមទាំងអំពាវនាវថា​ platform នេះបានលុបវីដេអូមេដឹកនាំធំៗមួយចំនួនថែមទៀតផង។ ក្នុងករណីនេះ អ្នកនាំពាក្យរបស់ YouTube បាននិយាយថា ខ្លួនធ្លាប់បានដឹងពីរបាយការណ៍មួយចំនួនដែលអ្នកប្រើប្រាស់ក្នុងប្រទេសរុស្ស៊ីមិនអាចចូលប្រើ YouTube បាន។​ អ្នកនាំពាក្យរូបនោះគូសបញ្ជាក់ថា «​នោះ​មិន​មែន​ជា​លទ្ធផល​នៃ​បញ្ហា​បច្ចេកទេស​ណាមួយ​នៅ​ខាង​យើង ឬ​ចំណាត់ការ​របស់​យើង​ទេ​»៕