(ឡុងដ៏)៖ ក្លិបហង្សក្រហម Liverpool បានច្រានចោលសំណើទិញពីក្លិប Southampton ក្នុងការចង់ទិញយកកីឡាករ Fabio Carvallo ក្នុងតម្លៃ ១៥លានផោន ដែលជិតស្មើ ២០លានដុល្លារ ជាខ្សែបម្រើប្រយុទ្ធម្នាក់ត្រូវបានហង្សក្រហមនាំមកក្នុងតម្លៃ ៥លានផោន កាលឆ្នាំ២០២២។

កីឡាករមានវ័យ ២១ឆ្នាំសញ្ជាតិព័រទុយហ្គាល់ បានធ្វើឱ្យបានការចាប់អារម្មណ៍នៅមុនរដូវកាលថ្មីនេះ ដោយរកបាន ២គ្រាប់ផងដែរ នៅការប្រកួតកម្តៅសាច់ដុំក្នុងជំនួបក្រុម Liverpool បានយកឈ្នះ Arsenal និង Manchester United ។ ហើយក្នុងការត្រៀមរដូវកាលថ្មីស្ថិតក្រោមការដឹកនាំដោយលោក Arne Slot បានដាក់រូបគេលេងក្នុងទម្រង់ ៤-២-៣-១ ដែលរូបគេអាចលេងបានទាំងទម្រង់ប្រយុទ្ធ និងបម្រើប្រយុទ្ធបាន។

Fabio Carvallo ត្រូវបានក្លិប Liverpool នាំមកពីក្លិហ Fulham កាលឆ្នាំ២០២២ នឹងរកបាន ៣គ្រាប់នៅរដូវកាលដំបូងរបស់រូបគេ ហើយក៏បន្តចេញទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប RB Leipzig និងស៊ុតបាន ៩គ្រាប់ជាមួយក្លិប Hull City នារដូវកាល២០២៣-២៤ ដ្បិតធ្លាប់ជាប់ជម្រើសលេងបាន ៤ប្រកួតឱ្យជម្រើសជាតិព័រទុយហ្គាល់ ក្នុងឈុតយុវជន U21 ផងដែរ៕