(ភ្នំពេញ)៖ កម្មវិធី UCMAS កម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៦ នៅ ដឹព្រមៀ សេនធ័រ សែនសុខ ក្នុងគោលបំណងជ្រើសរើសកុមារកម្ពុជាឆ្នើមជ័យលាភី គិតលេខរហ័ស ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ ឆ្នាំ២០២៤ (UCMAS INTERNATIONAL COMPETITION 2024) នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា នាចុងឆ្នាំ២០២៤ ខាងមុខនេះ។

កម្មវិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៦ ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា លោកបណ្ឌិត គ្រីស ឈីវ នាយកប្រតិបត្តិ UCMAS អន្តរជាតិ លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា។

គណៈអធីបតី និងភ្ញៀវកត្តិយសក៏បានសំណេះសំណាលទៅកានអង្គពិធីទាំងមូល ដោយបានលើកឡើងថា កម្មវិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS កម្ពុជាលើកទី៦ គឺពិតជាកម្មវិធីប្រកួតប្រជែងធំបំផុតប្រចាំឆ្នាំ២០២៤ ដែលកម្មវិធី UCMAS កម្ពុជាប្រមូលផ្តុំជាមកុមារឆ្លាតវៃមកពីទូទាំងប្រទេសដែលមានសរុបទាំងអស់ប្រមាណ១០០០នាក់ ដើម្បីឱ្យពួកបានបញ្ចេញសមត្ថភាពគណនាលេខលើ ២វិញ្ញាសា គឺវិញ្ញាសាសរសេរ និងវិញ្ញាសាមើល ដោយមានការបែងចែកជា១១កម្រិតសិក្សាផ្សេងៗគ្នា។

កម្មវិធីប្រឡងនេះគឺដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងទេ តែគឺជាផ្កាយដែលមានពន្លឺអស្ចារ្យ ប្រៀបបានដូចកុមារ UCMAS ទាំងអស់ គឺជាកុមារឆ្លាតវៃពោរពេញដោយសមត្ថភាពគ្រប់ៗគ្នា។

សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដា ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រ១ផងដែរ។ ចំពោះសិស្សជ័យលាភីពីកម្មវិធីប្រឡងនឹងទទួលបានជាពានរង្វាន់មេដាយ ជាមួយនឹងទឹកប្រាក់ ព្រមជាមួយនឹងការឧបត្ថម្ភទៅចូលរួមប្រឡងក្នុងកម្មវិធី UCMAS World Cup និង UCMAS INTERNATIONAL COMPETITION 2024 ក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា នាថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ កុមារ UCMAS កម្ពុជា ក៏បានទទួលជ័យលាភីចំណាត់ថ្នាក់ Grand Champion ដែលជាចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងកម្មវិធី UCMAS International Competition ដែលជាក្តីមោទនភាពបំផុតសម្រាប់កម្ពុជា។ សម្រាប់ឆ្នាំ២០២៤នេះ គណៈគ្រប់គ្រងសាលារបស់ UCMAS កម្ពុជាបានរំពឹងទុកថា កុមារកម្ពុជានឹងអាចទទួលបានជ័យជម្នះពីកម្មវិធីប្រឡងថា្នក់អន្តរជាតិដូចឆ្នាំកន្លងទៅផងដែរ។

បន្ថែមពីនេះ គណៈអធិបតី និងគណៈគ្រប់គ្រងសាលា ក៏បានជូនពរបេក្ខជនប្រឡងទាំងអស់ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងបានធ្វើការថ្លែងអំណរគុណចំពោះម្ចាស់សាខា ដៃគូសហការ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS និងតែងតែជំរុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលមានកូនតូចៗនឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធី UCMAS កម្ពុជាអាចទំនាក់ទំនងសាខាជិតតំបន់លោកអ្នករស់នៅរឺតាមលេខទូរស័ព្ទ 012 21 38 86/ 015 39 40 43៕