(ភ្នំពេញ)៖ គ្លីនិកកម្ពុជា-សិង្ហបុរី បានសហការគ្នាតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) លើវិស័យវេជ្ជសាស្ត្រ ដើម្បីបង្កើនលទ្ធភាពថែទាំសុខភាពកម្រិតខ្ពស់ និងលើកកម្ពស់ស្តង់ដារការថែទាំនៅក្នុងតំបន់ជូនអ្នកជំងឺកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក និងការផ្លាស់ប្តូរជំនាញផ្នែកវេជ្ជសាស្រ្ត ដើម្បីទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។

កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) របស់គ្លីនិក SingMed Medical Center ខេមបូឌា និងBeyond Medical Group របស់ប្រទេសសិង្ហបុរី បានធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីលោកស្រី ពិន នេត្រា អគ្គនាយិកាគ្លីនិក SingMed Medical Center, លោកស្រី Elayne Soh អគ្គនាយិកាក្រុមហ៊ុន Beyond ប្រទេសសិង្ហបុរី និងក្រុមគ្រូពេទ្យវះកាត់ឆ្អឹងរបស់ពួកគេដែលរួមមាន លោកវេជ្ជបណ្ឌិត Jerry Chen វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងជាន់ខ្ពស់, លោកវេជ្ជបណ្ឌិត Devinder Singh វេជ្ជបណ្ឌិតឯកទេសវះកាត់ថ្លើម, លោកវេជ្ជបណ្ឌិត Stephen Chang និងលោកវេជ្ជបណ្ឌិត Chong Choon Seng ឯកទេសវះកាត់មហារីកក្រពះពោះវៀន។

កិច្ចសហការគ្នានេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់សេវាថែទាំសុខភាពជូនអ្នកជំងឺកម្ពុជា ក្នុងភាពជាដៃគូនេះបង្ហាញពីទស្សនៈវិស័យរួមគ្នា ដើម្បីភ្ជាប់ការថែទាំបង្កើនបទពិសោធន៍ទៅវិញទៅមក និងជំរុញការផ្លាស់ប្តូរជំនាញផ្នែកវេជ្ជសាស្រ្ត ដើម្បីទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។

តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា, គ្លីនិក Beyond Medical Group ជាមួយនឹងក្រុមអ្នកឯកទេសចំនួន ១៦នាក់ផ្សេងទៀត បានសន្យាសហការជាមួយ SingMed ដើម្បីបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពកម្រិតខ្ពស់ និងលើកកម្ពស់ស្តង់ដារការថែទាំនៅទូទាំងតំបន់។ ទិដ្ឋភាពសំខាន់នៃកិច្ចសហការគឺការបង្កើតកាលវិភាគ ដែលមានរចនាសម្ព័ន្ធសម្រាប់អ្នកឯកទេសសិង្ហបុរី ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់សេវាថែទាំសុខភាពនៅកម្ពុជា ឲ្យមានភាពកាន់តែប្រសើរឡើងទាំងពេលវេលា តម្លៃសមរម្យ និងសុវត្ថិភាពនៃសេវាវេជ្ជសាស្រ្តសម្រាប់អ្នកជំងឺទាំងក្នុង និងក្រៅប្រទេស។

ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពថែទាំសុខភាពនោះ ភាពជាដៃគូនេះមានគោលបំណងចែករំលែកធនធាននិងជំនាញ ដើម្បីរំលែកចំណេះដឹងរបស់អ្នកជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលដែលមានគោលដៅ សម្របសម្រួលការអញ្ជើញមកពិគ្រោះដោយអ្នកឯកទេសសិង្ហបុរី និងគាំទ្រគំនិតផ្តួចផ្តើមកសាងសមត្ថភាពកិច្ចសហប្រតិបត្តិការជាមួយ គ្លីនិក SingMed ផ្តល់ភាពងាយស្រួល និងភាពជឿជាក់នៃការព្យាបាលនិងថែទាំសុខភាពជូនប្រជាជនកម្ពុជា។ ការប្តេជ្ញាចិត្តនេះផងដែរក៏បានផ្តោតលើការបង្កើនស្តង់ដារថែទាំ និងជំរុញការកែលម្អប្រកបដោយនិរន្តរភាព ក្នុងស្ថាបន័វេជ្ជសាស្រ្ត។

លោកស្រី Elayne Soh តំណាងឱ្យ Beyond Medical Group បាននិយាយថា យើងមានសេចក្តីរំភើបរីករាយដែលត្រូវបានជ្រើសរើសជាដៃគូដែលពេញចិត្តរបស់ គ្លីនិក SingMed នៅកម្ពុជា។ តាមរយៈ ធនធាន និងជំនាញរបស់យើង ភាពជាដៃគូនេះត្រូវបានកំណត់ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើន។ វានឹងមិនត្រឹមតែលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពមួយមុខទេ ប៉ុន្តែថែមទាំងជំរុញការបង្កើតថ្មីនិងកិច្ចសហការក្នុងការអនុវត្តផ្នែកវេជ្ជសាស្រ្តផងដែរ។ ជារួមយើងមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាព ជំរុញឱ្យមានការជឿនលឿនក្នុងការអប់រំផ្នែកវេជ្ជសាស្រ្ត និងគាំទ្រដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈដែលកំពុងបន្តសម្រាប់អ្នកអនុវត្តផ្នែកថែទាំសុខភាព។ ចក្ខុវិស័យរួមគ្នារបស់យើងនឹងធ្វើឱ្យមានសមិទ្ធផលផលយ៉ាងសំខាន់ និង យូរអង្វែងលើសហគមន៍សេវាវេជ្ជសាស្រ្ត។

ជាមួយគ្នានេះ អ្នកស្រី ពិន នេត្រា អគ្គនាយិកា និងជានាយកប្រតិបត្តិក្រុមហ៊ុន SingMed បានលើកឡើងថា «ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Beyond Medical Group តំណាងឱ្យភាពជឿនលឿនដ៏សំខាន់មួយនៅក្នុងសេវាកម្មថែទាំសុខភាពដែលផ្តល់ដោយ SingMed នៅក្នុងប្រទេសកម្ពុជា។ យើងខ្នះខ្នែងក្នុងការផ្តួចផ្តើមគម្រោងសំខាន់ៗ រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍រួមគ្នា និងសេវាវេជ្ជសាស្រ្ដរួមបញ្ចូលគ្នាបន្ថែមទៀត។ តាមរយៈការប្រើប្រាស់ជំនាញវេជ្ជសាស្រ្ដដ៏ទូលំទូលាយរបស់ Beyond SingMed មានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពដែលរីករាលដាល និងលើកកម្ពស់កម្មវិធីសេវាវេជ្ជសាស្រ្តយ៉ាងសំខាន់»

សូមជម្រាបថា គ្លីនិក SingMed Medical Center គឺជាអ្នកផ្តល់សេវាថែទាំសុខភាពលំដាប់កំពូលមួយនៅក្នុងទីក្រុងភ្នំពេញ ដែលឧទ្ទិសដល់ការផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពខ្ពស់ និងផ្តោតលើគុណភាពព្យាបាលជូនអ្នកជំងឺជាចំបង ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី និងភាពងាយស្រួលSingMed បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលើកកម្ពស់ស្តង់ដាថែទាំសុខភាពនៅកម្ពុជាអស់រយៈពេល ៥ ឆ្នាំមកហើយ។ ចំណែកឯគ្លីនិក Beyond Medical Group មានមូលដ្ឋាននៅប្រទេសសិង្ហបុរី គឺជាក្រុមវិនិយោគផ្នែកថែទាំសុខភាពឈានមុខគេដែលល្បីល្បាញដោយសារ ភាពល្អឥតខ្ចោះនៅក្នុងសេវាកម្មវេជ្ជសាស្រ្ត និងបច្ចេកវិទ្យាថែទាំសុខភាព៕