(បរទេស)៖ ត្រកូល​ iPhone 16 ក្នុងឆ្នាំនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានរាយការណ៍មកថា នឹងមកដល់ទាន់ពេលវេលា ខណៈថ្ងៃប្រកាសចេញកាន់តែខិតជិត

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទទួលបានដំណឹងមកថា ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ធំៗចំនួនពីររបស់ Apple គឺ Samsung និង LG កំពុងចាប់ផ្តើមដំណើរការផលិតហើយ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមប្រភពនៅក្នុងប្រទេសកូរ៉េបានឱ្យដឹងថា Apple បានបញ្ជាទិញបន្ទះអេក្រង់ចំនួន ៨០លានបន្ទះពី Samsung និង​ ៤៣លានបន្ទះផ្សេងទៀតពី LG។ ក្រុមហ៊ុន Apple បានព្យាករណ៍ថាការនាំចេញ iPhone 16 ក្នុងឆ្នាំនេះនឹងមានប្រហែល ៩០លានគ្រឿង ប៉ុន្តែតាមរយៈការផលិតបន្ទះអេក្រង់នេះ ត្រូវបានគេរំពឹងថានឹងលើសពីនេះប្រហែល ៣០ភាគរយ ពោលគឺអាចឈានដល់ ១២០លានគ្រឿងឯណោះ។

គួរជម្រាបដែរថា Apple គ្រោងនឹងបង្ហាញវត្តមាន iPhone 16 នៅថ្ងៃទី១០ ខែកញ្ញា ខណៈថ្ងៃដាក់លក់ជាផ្លូវការខុសគ្នាតែ ១០ថ្ងៃប៉ុណ្ណោះ ពោលគឺចំថ្ងៃទី២០ ខែកញ្ញាតែម្តង នេះបើយោងតាមសារព័ត៌មាន Toms Guide។ បន្ថែមពីនេះ iPhone 16 នឹងមានជម្រើសពណ៌ចំនួន ៧ដូចជា ខ្មៅ, ខៀវ, ផ្កាឈូក លឿង, បៃតង, ស និងពណ៌ស្វាយ ខណៈដែល iPhone 16 Pro និង Pro Max ទំនងជាមានពណ៌ rose/desert yellow, gray, space black និង ស។ ផ្អែកលើរបាយការណ៍មុន iPhone 16 Pro នឹងទទួលបានអេក្រង់ធំជាងនេះដែលមានទំហំ ៦.៣ អ៊ីង ខណៈដែល iPhone 16 Pro Max មានទំហំ ៦.៩ អ៊ីង។ ទន្ទឹមនឹងនោះ iPhone 16 និង iPhone 16 Plus ត្រូវបានគេនិយាយថា នឹងរក្សានៅទំហំ ៦.១ អ៊ីញ និង ៦.៧ អ៊ីញដូចពេលបច្ចុប្បន្នដដែល៕