(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំអេស្ប៉ាញ ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ ដោយបានប្រើពេល ១២០នាទី ដើម្បីផ្តួលម្ចាស់ផ្ទះបារាំង ៥-៣ នាយប់មិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Olympics។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាផ្នែកបុរស ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបទាំងពីរ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ ដែលជាការវាយបកតាមស្មើរបស់បារាំង បន្ទាប់ពីត្រូវបានអេស្ប៉ាញនាំមុខ ៣-១ ទៅហើយនោះក្នុងម៉ោងធម្មតា ៩០នាទីនាកីឡដ្ឋាន Parc des Princes ដែលជាទឹកដីរបស់ក្លិបអាជីព Paris Saint Germain មុនពេលក្រុមភ្ញៀវអេស្ប៉ាញបានបន្ថែម ២គ្រាប់ទៀត ក្នុងម៉ោងថែម ១៥នាទី ២ដង ដើម្បីគ្រងមេដាយមាសនៅអូឡាំពិក លើកទី៣៣ តែម្តង។
នេះមានន័យថា អេស្ប៉ាញឈ្នះមេដាយមាសលើកដំបូងផងដែរនៅអូឡាំពិក រដូវក្តៅ គិតចាប់តាំងពីឆ្នាំ១៩៩២ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរស ដែលមានរយៈពេលមិនដល់ ១ខែនោះទេ គិតចាប់តាំងពីឈុតធំ គ្រងជើងឯក Euro 2024 នៅអាល្លឺម៉ង់ មុនពេល U19 ក៏ឈ្នះជើងឯកអឺរ៉ុបទៀត បន្ថែមលើជ័យជម្នះ World Cup របស់ក្រុមស្រ្តីអេស្ប៉ាញ កាលពីឆ្នាំទៅផងដែរ នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់។
U23 អេស្ប៉ាញ ក៏ជាម្ចាស់មេដាយប្រាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពី ៣ឆ្នាំមុនក្នុងអូឡាំពិកនេះដែរ ជាទីដែលពួកគេបានចាញ់ U23 ប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
ក្រុមបារាំង នេះជាមេដាយប្រាក់លើកទី២ របស់ពួកគេ នាមជាក្រុមឈ្នះមេដាយមាសបាន ១លើកនៅឆ្នាំ១៩៨៤ ខណៈការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសនៅកីឡាអូឡាំពិក មានតែក្រុមអត្តពលិកហុងគ្រី និងក្រុមចក្រភពអង់គ្លេស (Great Britain) ឈ្នះមេដាយមាសបាន ៣លើកស្មើគ្នាច្រើនជាងគេ៕