(ភ្នំពេញ)៖ មន្ទីរពហុព្យាបាលអន្តរជាតិខេមាទួលគោក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ខ្លួនជាផ្លូវការ ដែលមានទីតាំងជាប់អគារចាស់ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយអគារថ្មីនេះ មានបន្ទប់ធំទូលាយ ប្រកបដោយផាសុកភាព និងអនាម័យខ្ពស់ មានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដាអន្តរជាតិ។

លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះមន្ទីរពហុព្យាបាលអន្តរជាតិខេមាទួលគោក មានគ្រែសម្រាប់ពិនិត្យ ពិគ្រោះ និងសម្រាកព្យាបាល សរុបកើនដល់ចំនួន៥៤គ្រែ និងមានសេវាកម្មសំខាន់ៗរួមមាន៖ ព្យាបាលរបួស និងសង្គ្រោះបន្ទាន់២៤ម៉ោងរៀងរាល់ថ្ងៃ ឯកទេសជំងឺទូទៅ ជំងឺកុមារ វះកាត់ទូទៅ ជំងឺតម្រងនោមនិងលាងឈាម ជំងឺបេះដូង ជំងឺក្រពះ ពោះវៀន និងថ្លើម ជំងឺទឹកនោមផ្អែមនិងជំងឺក្រពេញអ័រម៉ូន ផ្នែកវះកាត់មុខមាត់-ឆ្អឹងថ្គាមនិងបាក់បែកឆ្អឹង និង ឯកទេសជំងឺប្រព័ន្ធប្រសាទ វះកាត់ខួរក្បាលនិងឆ្អឹងខ្នង។

បន្ថែមពីលើនេះ មន្ទីរពេទ្យអន្តរជាតិខេមា បានបំពាក់នូវឧបករណ៏រូបភាពវេជ្ជសាស្ត្រទំនើប CT Scan 128 SLICE សម្រាប់រករោគវិនិច្ឆ័យដើម្បីជាជំនួយដល់គ្រូពេទ្យឯកទេសក្នុងការព្យាបាលជំងឺបានត្រឹមត្រូវ និង ទាន់ពេលវេលា ជាពិសេសអាចថតឆ្លុះដល់ជំងឹសរសៃឈាម បេះដូង និងរកមូលហេតុនៃការស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល ។ដោយសារមានកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសពីមន្ទីរពេទ្យបរទេស និង វិនិយោគិនទាំងក្នុង និងក្រៅប្រទេស មន្ទីរពេទ្យអន្តរជាតិខេមា នឹងមានគម្រោងពង្រីកនូវអគារ និងសេវាឯកទេសបន្ថែមទៀតអោយក្លាយជាមន្ទីរពេទ្យ ដែលអាចមានសមត្ថភាពពេញលេញក្នុងការព្យាបាល និងវះកាត់បេះដូង ខួរក្បាល និង ទារក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា ព្រមទាំងកាត់បន្ថយនូវការចំណាយទាំងថវិកា និងពេលវេលាទៅព្យាបាលនៅក្រៅប្រទេស។

ក្នុងឱកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព បានបញ្ជាក់ទៀតថា «ការបើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ យើងមានលទ្ធផលបង្កើតសេវា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៅលើសេវាដែលមានកន្លងមកជាប្រចាំថ្ងៃ រួមមានសង្គ្រោះបន្ទាន់ មានពិគ្រោះជំងឺខាងក្រៅ សម្រាកព្យាបាល និងមានជំងឺឯកទេស។ ជាមួយនឹងអគារថ្មី យើងពង្រីក និងពង្រឹងបន្ថែមនូវសេវាកម្មជំងឺបេះដូង យើងអាចពិនិត្យ ព្យាបាល និងអាចធ្វើរោគវិនិច្ឆ័យបញ្ហារោគបេះដូងស្មុគស្មាញមួយចំនួន ដែលអាចទប់ស្កាត់ និងព្យាបាល។ ឧទាហរណ៍៖ ជំងឺគាំងបេះដូង ស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមបេះដូង ឬអាចជួយមើលទាក់ទងទៅនឹងសរសៃបេះដូង សរសៃឈាមទូរទៅ ឬអាចឈានទៅដល់មើលសរសៃឈាមខួរក្បាលផងដែរ»

លោកវេជ្ជបណ្ឌិត បានបន្តថា ជារួមក្នុងវិស័យសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់មានប្រហែលជាង១០ជំងឺធំៗ ដែលទាមទារឱ្យមានការព្យាបាលបែបសង្គ្រោះបន្ទាន់ ហើយក្នុងនោះក៏មានជំងឺបេះដូងមួយផងដែរ ដូច្ចនេះស្របទៅនឹងប្រសាសន៍ណែនាំរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលស្នើឲ្យវិស័យរដ្ឋ និងឯកជន ជាតិ និងអន្តរជាតិ រួមគ្នាស្រាវជ្រាវ ជំរុញវិស័យឯកទេសបេះដូងនេះ ឲ្យបានកាន់តែប្រសើរ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លើសពីនោះលោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធនៃអគារ ដោយមន្ទីរពហុព្យាបាលអន្ដរជាតិខេមាទួលគោក គឺបានរៀបចំអាគារបែបស្ដង់ដារខ្ពស់ គិតគូរគ្រប់ជ្រុងជ្រោយ ដល់សុវត្ថិភាព និងផាកសុកភាព ជូនដល់អតិថិជន និងប្រទេសជាតិផងដែរ។

ព្រមជាមួយគ្នានេះដែរ មន្ទីរពេទ្យអន្តរជាតិខេមា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតិថិជនរបស់ខ្លួន ដែលតែងតែជឿជាក់លើការផ្តល់សេវាកម្មពិនិត្យ ព្យាបាល និងថែទាំជូនអតិថិជន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់ដៃគូរវិនិយោគិន មន្ទីរពេទ្យដែលជា ដៃគូ និងក្រុមហ៊ុនដែលសហការទាំងផ្នែកវេជ្ជសាស្រ្ត និងអមវេជ្ជសាស្ត្រ ដែលតែងតែសហការ និងគាំទ្ររហូតមកទល់ពេលនេះ៕