(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែសីហា ម្សិលមិញ ក្រុមហ៊ុន Viettel Cambodia (Metfone) និង ស្ថប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរបដិវត្តន៍វិស័យអប់រំនៅកម្ពុជា។
ពិធីនេះ ត្រូវបានចូលរួមដោយលោក សុខ ពុទ្ធីវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកនៃក្រសួងទាំងពីរខាងលើ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមិត្តហ្វូន និង EBC គឺជាជំហានដ៏សំខាន់មួយដើម្បីជំរុញ និងលើកកម្ពស់ភាពខ្លាំងរបស់ភាគីនីមួយៗក្នុងវិស័យសកម្មភាពផ្សេងៗ សំដៅកសាង និងអភិវឌ្ឍប្រព័ន្ធអប់រំ លើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ក៏ដូចជាពង្រឹងវិស័យអប់រំក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការក្នុងទិដ្ឋភាពជាច្រើនទៀត ធ្វើអោយប្រសើរឡើងនូវការប្រកួតប្រជែង និងធានាផលប្រយោជន៍របស់ភាគីទាំងពីរនាពេលអនាគត។
ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ មិត្តហ្វូន និង EBC រួមគ្នាមានគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងឌីជីថល និងផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយ។ រួមគ្នាទាញយកថាមពល នៃការច្នៃប្រឌិតឌីជីថល ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សិស្ស និស្សិត និងអ្នកអប់រំ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានចំណេះដឹងបន្ថែមយ៉ាងសកម្ម តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយដែលផ្តល់ដោយ EBC។
ដោយសហការជាមួយមិត្តហ្វូន, EBC នឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងការផ្លាស់ប្តូរឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតកម្មវិធីអប់រំកម្រិតខ្ពស់។
នាពេលខាងមុខ មិត្តហ្វូនប្តេជ្ញាគាំទ្រ និងសហការជាមួយ EBC ដោយធានាបាននូវវឌ្ឍនភាពសំខាន់ៗក្នុងវិស័យអប់រំ រួមចំណែកក្នុងការកសាងប្រព័ន្ធអប់រំទំនើបទាន់សម័យ ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់សិស្ស និងគាំទ្រគ្រូបង្រៀនក្នុងយុគសម័យឌីជីថល។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងមិត្តហ្វូន និង EBC មិនត្រឹមតែបង្ហាញពីភាពចាំបាច់នៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបំប្លែងឌីជីថលដើម្បីបន្តនិន្នាការប៉ុណ្ណោះទេ។ វាក៏ជាឱកាសមួយសម្រាប់មិត្តហ្វូន និង EBC ក្នុងការឈានទៅមុខយ៉ាងសំខាន់ក្នុងវិស័យទូរគមនាគមន៍ និងការអប់រំទំនើបក្នុងយុគសម័យ 4.0៕