(ភ្នំពេញ)៖ លោក Kalns Jurgis គ្រូបង្វឹកក្រុមវិសាខា បានចាត់ទុកភ្នំពេញក្រោន គឺជាក្រុមល្អជាងគេនៅកម្ពុជា តែយ៉ាងណាលោករំពឹងថា ជំនួបបើករដូវកាលថ្មីល្ងាចនេះ ក្រុមខ្លួននឹងទទួលបានជ័យជម្នះ ហើយក៏មិនភ្លេចបន្ដស្វែងរក ៣ពិន្ទុពីក្រុមផ្សេងៗដូចគ្នា ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League 2024/25 ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។
ក្រុមវិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នេះ នៅកីឡដ្ឋាន ស្មាត អរ អេស អិន ។ ការប្រកួតនេះដែរ ត្រូវបានចាត់ទុកជាជំនួបដ៏ធំប្រចាំសប្ដាហ៍ដំបូង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។
លោក Kalns Jurgis បានលើកឡើងថា ភ្នំពេញក្រោន គឺជាក្រុមដ៏ល្អមួយ នៅកម្ពុជា ទោះបីក្រុមព្រះខ័នរាជស្វាយរៀង ធ្វើបានល្អជាងក្រុមសិង្ហក្រហមក៏ដោយ ។ រីឯលទ្ធផល ៤ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន គ្រាន់តែជាការប្រកួតដើម្បីរៀបចំខ្លួនត្រៀមរដូវកាលថ្មី ឬប្រកួត Pre-Season ប៉ុណ្ណោះ តែការប្រកួតល្ងាចនេះទើបជាការប្រកួតផ្លូវការ ដោយលោកសង្ឃឹមថា នឹងក្លាយជាជំនួប ដែលនឹងមានការប្រកួតប្រជែងខ្ពស់ ។
គ្រូបង្វឹកជនជាតិឡាតវីរូបនេះ បន្ដថា «នេះគឺការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ ព្រោះថា ជាការប្រកួតមួយ ដែលនឹងបង្ហាញថា ក្រុមទាំងពីរ ធ្វើបានអ្វីខ្លះ ពិសេសក្រុមខ្ញុំធ្វើបានអ្វីខ្លះក្នុងការប្រកួតនេះ ។ អ៊ីចឹងការប្រកួតនេះ គឺជាការប្រកួតដ៏តឹងតែង និងមានការប្រកួតប្រជែងខ្ពស់ ហើយខ្ញុំសង្ឃឹមថា ក្រុមខ្ញុំ(វិសាខា) នឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ហើយក៏មិនភ្លេចដណ្ដើមយក ៣ពិន្ទុពីក្រុមផ្សេងៗដូចគ្នា» ។
ដោយឡែកឆ្លើយតបនឹងសំណួរពាក់ព័ន្ធខ្សែប្រយុទ្ធចំណូលថ្មីភ្នំពេញក្រោន Ofufu ដែលមានបច្ចេកទេស ពិសេសល្បឿនលឿនថា តើនឹងបង្កគ្រោះថ្នាក់ដល់វិសាខា ឬក៏អត់? លោក Kalns Jurgis ហាក់មិនសូវចាប់អារម្មណ៍នោះឡើយ ដោយលោកផ្ដោតតែលើក្រុមខ្លួន ហើយក៏មិនផ្ដោតលើការការពារដែរ ដោយលោកសង្កត់ធ្ងន់ថា បើសិនគូប្រជែងមានខ្សែប្រយុទ្ធល្អ ជម្រើសដ៏ល្អ មិនមែនការពារ គឺត្រូវប្រយុទ្ធវិញ ។
គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត UEFA Pro License រូបនេះ បាននិយាយថា «យុទ្ធសាស្ដ្រល្អបំផុត សម្រាប់ការការពារ គឺការប្រយុទ្ធ ព្រោះបើយើងគិតតែពីការការពារ នឹងភ្លេចការប្រយុទ្ធ ។ អ៊ីចឹងខ្ញុំនឹងឲ្យកូនក្រុមលេងទៅតាមអ្វីដែលខ្ញុំចង់បាន ហើយរបៀបខ្ញុំលេង គឺការគិតអំពីការប្រយុទ្ធជាងការការពារ ហើយផ្លាស់ប្ដូរផ្នត់គំនិតវិសាខា ឲ្យផ្ដោតលើការប្រយុទ្ធច្រើនជាង ឬខ្វល់ពីគូប្រកួតរបស់ខ្លួនប៉ុន្មានទេ» ។
ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមជើងឯករងឆ្នាំចាស់ (ភ្នំពេញក្រោន) បានលើកឡើងថា «នេះគឺជាការប្រកួតដំបូងប្រចាំរដូវកាល។ ខ្ញុំគិតថានឹងមានការចាប់អារម្មណ៍ច្រើនមកលើយើង។ ការប្រកួតនេះគឺជាការប្រកួតដែលជក់ចិត្ត ជាមួយនឹងការប្រើប្រាស់កម្លាំងច្រើនផងដែរ ដូច្នេះវាពិតជាល្អណាស់ក្នុងការចាប់ផ្តើមរដូវកាលថ្មី។ វិសាខានៅពេលនេះគេមានគ្រូបង្វឹក និងកីឡាករថ្មីៗ អញ្ចឹងគឺខុសគ្នាខ្លាំងពីរដូវកាលមុន។ ពួកគេបានតែងតាំងគ្រូបង្វឹកថ្មីដេលមានន័យថាពួកគេចង់ទទួលបានពានរង្វាន់សម្រាប់រដូវកាលនេះ» ។
លោក Oleg បន្ថែមថា «ពួកគេពិតជាមានមហិច្ចតា ទើបពួកគេបាននាំយកកីឡាករល្អៗថ្មីៗជាច្រើនចូលរួម។ សម្រាប់ការប្រកួតដំបូងនេះគឺប្រាកដណាស់ថាពួកគេនឹងចង់បានលទ្ធផលល្អ» ៕