(ឡុងដ៏)៖ ក្លិប Tottenham Hotspur មានការយល់ព្រមលើកកិច្ចព្រព្រៀងក្នុងចាយលុយប្រមាណ ៦៥លានផោន ដែលស្មើនឹងប្រមាណ ៨២.៩លានដុល្លារនោះ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Dominic Solanke ពីក្លិប AFC Bournemouth ជាមួយនឹងលក្ខខណ្ឌមានការបង់ប្រាក់ដំបូង ៥៥លានផោន ហើយនឹងបូកបន្ថែម ១០លានផោនទៀតនៅពេលក្រោយ ។

ខ្សែប្រយុទ្ធមានវ័យ ២៦ឆ្នាំ Solanke ធ្លាប់ជាប់ជម្រើសអង់គ្លេស តែមួយលើកនៅឆ្នាំ២០១៧ ហើយតម្លៃនៃការផ្ទេរនេះត្រូវបានបញ្ជាក់ដោយប្រធានក្លិប Bournemouth លោក Bill Foley ក្នុងកិច្ចសម្ភាសន៍ជាមួយ BBC ។

ហើយប្រសិនណាការពិភាក្សាតម្លៃត្រូវបញ្ចប់ នោះមានន័យថា Solanke ជាកីឡាករម្នាក់មានតម្លៃផ្ទេរខ្ពស់ក្នុងកំណត់ត្រារបស់ក្លិប ដែលធ្លាប់លក់ Nathan Ake ប្រមាណ ៤០លានផោនទៅកាន់កក្លិប Manchester City កាលឆ្នាំ២០២០ ។

Solanke ធ្លាប់មានតម្លៃត្រឹម ១៩លានផោនប៉ុណ្ណោះត្រូវបានក្លិប Bournemouth ចំណាយទិញមក Liverpool កាលឆ្នាំ២០១៩ ហើយក្នុងរដូវកាល២០២១-២២ រូបគេរកបាន ៣០គ្រាប់ពីលេងបាន ៤៨ប្រកួតនៅគ្រប់កម្មវិធីរបស់ក្លិប ខណៈនៅរដូវកាល២០២៣-២៤ ក៏ស៊ុតសរុបបាន ២១គ្រាប់ផងដែរ ។

នេះការជាត្រៀមរដូវកាលថ្មីនៅក្របខណ្ឌលីគអង់គ្លេស របស់ក្រុម Spur ដែលស្ថិតក្រោមការដឹកនាំដោយលោក Ange Postecoglou ក្នុងការព្យាយាមស្វែងរកនៅជម្រើសខ្សែប្រយុទ្ទជួរមុខថ្មី ក្រោយពេលការចាកចេញរបស់ Harry Kane ទៅកាន់ក្លិបអាល្លឺម៉ង់ Bayern Munich កាលរដូវក្តៅមុន ៕