(ឡុងដ៏)៖ ក្លិបតោខៀវ Chelsea FC មានការយល់ព្រមលើតម្លៃប្រមាណ ៥៤លានលោន ដែលស្មើនឹងជាង ៦៨លានដុល្លារ ពីក្លិបចចកខ្មៅ Wolverhampton Wanderers ក្នុងនាំយកខ្សែបម្រើប្រយុទ្ធស្លាប Pedro Neto ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។

ខ្សែបម្រើស្លាប សញ្ជាតិព័រទុយហ្គាល់ មានវ័យ ២៤ឆ្នាំ Neto នឹងត្រូវពិនិត្យសុខភាពមុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ដែលការផ្ទេរស្ថិតក្នុងតម្លៃនេះ នឹងធ្វើឱ្យក្លិប Chelsea កើនទឹកប្រាក់ចំណាយលើការទិញសមាជិកថ្មីនាទីផ្សារដោះដូររដូវក្តៅនេះ លើសពី ២០០លានផោន។

សូមជម្រាបផងថា ខ្សែបម្រើប្រយុទ្ធស្លាប Pedro Neto បានលេងជាមួយក្លិបចចកខ្មៅ Wolves ចំនួន ៥រដូវកាលនឹងរកបាន ១៤គ្រាប់ពីការលេង ១៣៥ប្រកួតនៅគ្រប់កម្មវិធីរបស់ក្លិប ខណៈប្រសិនបើកិច្ចព្រមព្រៀងទិញលក់ត្រូវបញ្ចប់លើតម្លៃនេះមែន នោះរូបគេនឹងក្លាយជាកីឡាករម្នាក់តម្លៃផ្ទេរកំណត់ត្រារបស់ក្លិបចចកខ្មៅ បន្ទាប់ការផ្ទេរចេញរបស់កីឡាករ Ruben Neves ក្នុងតម្លៃ ៤៧លានផោនទៅក្លិបលីគអារ៉ាប៊ីសាអូឌីត ៕