(បរទេស)៖ និយតករទំនាក់ទំនង Roskomnadzor របស់ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លូនបានបិទការចូលប្រើកម្មវិធីផ្ញើសារ Singal ដែលជាកម្មវិធីផ្តោតលើសុវត្ថិភាព ជុំវិញការបំពានច្បាប់ដែលទាក់ទងនឹងប្រតិបត្តិការប្រឆាំងភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

ប្រភពពី Interfex បានដកស្រង់សំដីរបស់ទីភ្នាក់ងារនេះថា «ការចូលប្រើកម្មវិធីផ្ញើសារ Signal ត្រូវបានរារាំង ទាក់ទងនឹងការរំលោភលើលក្ខខណ្ឌតម្រូវនៃច្បាប់របស់រុស្ស៊ី ដែលត្រូវតែអនុវត្តតាម ដើម្បីការពារការប្រើប្រាស់កម្មវិធីផ្ញើសារសម្រាប់គោលដៅភេរវកម្ម និងជ្រុលនិយម»។ មុនពេលការប្រកាសរបស់ Roskomnadzor អំពីការបិទកម្មវិធីផ្ញើសារ Signal អ្នកប្រើប្រាស់រាប់រយនាក់នៅក្នុងប្រទេសរុស្ស៊ីបានរាយការណ៍ ថាពួកគេបានជួបប្រទះបញ្ហាមិនប្រក្រតីជាមួយសេវាកម្មនេះ។

Signal ដែលត្រូវបានប្រើប្រាស់ដោយប្រជាជនរុស្ស៊ីប្រមាណមួយលាននាក់សម្រាប់ការទំនាក់ទំនងប្រកបដោយសុវត្ថិភាព (encrypted) បានប្រឈមមុខនឹងពាក្យបណ្តឹងជាង ១,៥០០ដែលភាគច្រើនមកពីអ្នកប្រើប្រាស់នៅទីក្រុងមូស្គូ និង St. Petersburg។ តែយ៉ាងណាមានអ្នកប្រើប្រាស់មួយចំនួនទៀតបានរាយការណ៍ថា ពួកគេនៅតែអាចចូលប្រើបានធម្មតាតាមរយៈការភ្ជាប់ VPN ឬ មុខងារ​ built-in censorship bypass mode នៅលើ​ Signal។

គួរជម្រាបដែរថា រហូតមកទល់ពេលនេះ Signal នៅមិនទាន់មានការឆ្លើយតបណាមួយទៅនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ៕