(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងចាប់ផ្ដើមធ្វើតេស្ដលើកទី១ នាល្ងាចថ្ងៃទី២០ ខែសីហានេះ ដើម្បីចម្រាញ់កីឡាករឆ្នើមៗ ២៣នាក់ចុងក្រោយ ត្រៀមការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U20 Asian Cup China 2025 Qualifiers) នាខែក្រោយ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីល្ងាចថ្ងៃចន្ទកន្លងទៅ កីឡាករយុវជន ៣១នាក់ ដែលត្រូវបានកោះហៅធ្វើតេស្ដលើកទី១ នេះ ក្នុងនោះមានសមាជិកក្រុមយុវជនថ្នាលវិសាខាច្រើនជាងគេរហូតដល់ ៨នាក់, សាលាបាល់ទាត់ជាតិបាទី ៤នាក់, ណាហ្គាវើលដ៏ ៣នាក់, ព្រះខ័នរាជស្វាយរៀង ២នាក់, បឹងកេត ២នាក់, ISI ២នាក់, កងយោធពលខេមរភូមិន្ទ ២នាក់, ក្រសួងមហាផ្ទៃ ២នាក់ និងសហព័ន្ធ ២នាក់ គ្រាដែល ៤នាក់ទៀត មកពីក្លិបភ្នំពេញក្រោន, ឡាយហ្វអេហ្វស៊ី, អង្គរថាយហ្គឺរ និងសាលាតម្រង់ទិញរាជធានីភ្នំពេញ។
ចំពោះភារកិច្ចដឹកនាំក្រុមគោព្រៃជំទង់កម្ពុជានេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោល។ បុរសជនជាតិជប៉ុន ដែលកំពុងដឹកនាំក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ ធ្លាប់ជោគជ័យជាមួយក្រុមជម្រើសជាតិយុវជន U16 និង U19 កម្ពុជា ជាមួយការបង្កើតកំណត់ត្រាថ្មីៗជាច្រើន ពិសេសកំណត់ត្រាចុងក្រោយ ដោយលោកដឹនាំក្រុម U16 កម្ពុជា មិនស្គាល់ពាក្យចាញ់សោះ ក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Boys' Championship 2024 នៅឥណ្ឌូនេស៊ី កាលពីថ្មីៗ ដោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ តែសោកស្ដាយមិនអាចឡើងវគ្គបន្ដ។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers ដែលឆាយនីសតៃប៉ិ ធ្វើជាម្ចាស់ផ្ទះវិញ ក្រុមជម្រើសជាតិ U20 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U20 អូសបេគីស្ថាន, បារ៉ែន, នេប៉ាល់ និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ។ ចំពោះការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ នាឆ្នាំ២០២៥ ខាងមុខ៕