(បរទេស)៖ ក្រុមហ៊ុន General Motors (ហៅកាត់ GM) បានប្រកាសពីការបញ្ឈប់បុគ្គលិកពេញសិទ្ធិជាង ១,០០០នាក់នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងផ្នែកសូហ្វវែល និង សេវាកម្ម (Services) របស់ខ្លួននៅទូទាំងពិភពលោក។ ខណៈការបញ្ឈប់នេះត្រូវបាន CNBC រាយការណ៍ថា នឹងប៉ះពាល់ដល់មុខតំណែងប្រមាណ ៦០០ នៅបរិវេណបច្ចេកវិទ្យារបស់ GM នៅជិតក្រុង Detroit ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ប្រភពពី CNBC ដដែលបានដកស្រង់ការបញ្ជាក់ពីការបញ្ឈប់បុគ្គលិករបស់ GM នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការកាត់បន្ថយបុគ្គលិកនេះ មិនមែនដោយសារតែការកាត់បន្ថយការចំណាយនោះទេ ប៉ុន្តែជាជំហានចាំបាច់មួយដើម្បីបង្កើនប្រសិទ្ធិភាព និងផ្តល់អាទិភាពដល់ការវិនិយោគដែលមានឥទ្ធិពល នៅពេលដែលក្រុមហ៊ុនងាកទៅរកអនាគតរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តរថយន្តអគ្គិសនី»។ ប្រកាសនេះ កើតបន្ទាប់ពីការផ្លាស់ប្តូរអ្នកដឹកនាំថ្មីនៅក្នុងផ្នែកសូហ្វវែល រួមទាំងការចាកចេញរបស់លោក Mike Abbott អនុប្រធានប្រតិបត្តិផ្នែក software និង services ដែលបានចាកចេញដោយសារហេតុផលសុខភាពកាលពីខែមីនា ដើមឆ្នាំនេះ។
គួរជម្រាបដែរថា ការបញ្ឈប់បុគ្គលិកលើកនេះ តំណាងឱ្យប្រហែល ១.៣ភាគរយ នៃចំនួនបុគ្គលិកពេញសិទ្ធិសរុបនៅទូទាំងពិភពលោករបស់ GM ដែលមានចំនួន ៧៦,០០០នាក់ គិតត្រឹមចុងឆ្នាំ២០២៣។ ខណៈកាលពីខែមេសា ឆ្នាំមុន GM បានបញ្ឈប់បុគ្គលិកប្រមាណ ៥,០០០នាក់ឯណោះ៕