(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយក្រោមប្រធានបទ «ឥឡូវនេះប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន» ដែលផ្តោតលើការចែករំលែកភាពរីករាយក្នុងការហោះហើរទៅកាន់អ្នកដែលមិនធ្លាប់មានឱកាសក្នុងការហោះហើរពីមុនមក។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមនុស្សគ្រប់រូបអាចធ្វើដំណើរតាមផ្លូវអាកាស បានដោយងាយស្រួលការចូលរួមចំណែកនេះបានផ្តល់ឱកាសឱ្យកុមារចំនួន៧៥នាក់ មកពីមណ្ឌលថែទាំកុមារចំនួន ៥ទីតាំងនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើដំណើរតាមផ្លូវអាកាសជាលើកដំបូងបង្អស់។
កុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើមពេលវេលាដ៏សប្បាយរីករាយ រួមមាន៖ ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និងទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ បន្ទាប់ពីបញ្ចប់ពេលវេលានៃដំណើរកម្សាន្តក្នុងមួយថ្ងៃពេញនៅខេត្តសៀមរាប ដែលពោរពេញដោយការស្វែងយល់អំពីបទពិសោធន៍ថ្មីៗ និងបានទទួលភាពរីករាយហើយនោះ ក្រុមកុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសត្រឡប់ មកកាន់ទីក្រុងភ្នំពេញវិញ នាពេលល្ងាច នាថ្ងៃដដែលប្រកបដោយសុខសុវត្ថិភាព និងស្នាមញញឹម។
ការចូលរួមនេះមិនត្រឹមតែមានបំណងបំផុសទំនុកចិត្តនិងជំរុញភាពទាក់ទាញនៃការផ្សងព្រេងទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ជាចំណែកមួយក្នុងការចូលរួមគាំទ្រ យុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះការចូលរួមប្រកបដោយបទពិសោធន៍មួយនេះ បានផ្តល់ជូនកុមារទាំងអស់នូវភាពអង់អាច រួមជាមួយចំណេះដឹង និងការពង្រឹងបំនិនជីវិតរបស់ពួកគេថែមទៀតផង។
ម្យ៉ាងវិញទៀតការចូលរួមនេះក៏មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍និងចូលរួមអបអរសាទរបេតិកភណ្ឌដ៏សម្បូរបែបប្រចាំតំបន់ ដោយបង្ហាញអំពីភាពទាក់ទាញដ៏ពិសេសរបស់ខេត្តសៀមរាប ទៅកាន់ទស្សនិកជនឱ្យកាន់តែច្រើនផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានហើយនោះ ការចូលរួមនេះគឺជាចលនាដ៏ធំមួយក្នុងការជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាសក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់ប្រជាជនកម្ពុជាគ្រប់រូប។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការចាប់ផ្តើមការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀតក្នុងការបង្កើនលទ្ធភាព និងការស្គាល់ច្បាស់អំពីការធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងប្រទេសផងដែរ។ ការហោះហើរលើកដំបូងនេះ ជានិមិត្តរូបនៃការចាប់ផ្តើមការធ្វើដំណើរ ដែលអាចជំរុញទឹកចិត្តប្រជាជនកម្ពុជា រាប់មិនអស់ឱ្យស្វែងរកជើងមេឃថ្មី។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានឱ្យដឹងថា យើងមានមោទនភាពក្នុងការរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម ដ៏មានអត្ថន័យមួយនេះ ដែលមិនត្រឹមតែជាការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍នៃការហោះហើរជាលើកដំបូងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រយុទ្ធនាការ ទស្សនាសៀមរាប ២០២៤ផងដែរ។ ការផ្តល់ជូនកុមារទាំងអស់ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន តាមរយៈកម្មវិធីនេះបានបង្ហាញអំពីសារៈសំខាន់នៃបណ្តាញហោះហើរក្នុងស្រុករបស់យើង ដោយបង្ហាញអំពីសមត្ថភាពក្នុងការតភ្ជាប់គោលដៅសំខាន់ៗនៅទូទាំងប្រទេស។ លើសពីការហោះហើរនេះទៅទៀត នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនផលវិជ្ជមានដល់សហគមន៍ តាមរយៈការផ្តល់សេវាកម្មរបស់ក្រុមហ៊ុន។ ចក្ខុវិស័យគឺ ផ្តល់ឱ្យមនុស្សគ្រប់រូបមានលទ្ធភាពធ្វើដំណើរតាមផ្លូវអាកាស ហើយនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការគាំទ្រពីសំណាក់ដៃគូចូលរួមឧបត្ថម្ភ និងវត្តមានដ៏មានអត្តន័យរបស់ លោកស្រី ហោ សាយ័ន្ត សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលវត្តមានអញ្ជើញចូលរួមបានញ៉ាំង កម្មវិធីឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។
ការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម(CSR)នេះ ត្រូវបានចូលរួមគាំទ្រដ៏មានតម្លៃពីសំណាក់ដៃគូចូលរួមឧបត្ថម្ភកម្មវិធីរួមមាន៖ កាកបាទក្រហមកម្ពុជា អាកាសយានដ្ឋានកម្ពុជាបណ្ណាគារអន្តរជាតិ IBC ប៊ឺហ្គឺឃីងអង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម Almond Hospitality និងសណ្ឋាគារស្ទឹងសៀមរាបខេត្តសៀមរាប។ ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងក្រុមការងារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះ បានក្លាយជាការពិតតាមរយៈការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់កុមារទាំងអស់ និងជាតំណាងឱ្យសហគមន៍របស់ពួកគេផងដែរ៕