(ភ្នំពេញ)៖ គម្រោង «ការលើកកម្ពស់អន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជា (CHAIn)» បានកំពុងរៀបចំកិច្ចប្រជុំថ្នាក់ជាតិលើកទី១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និងនិស្សិត នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន សរុបចំនួន ១៥៧រូប ដោយភ្ញៀវកិត្តិយស ៣៤រូប សមាជិកគម្រោង ៣៣រូប និងនិស្សិត ៩០រូប។
គម្រោង «ការលើកកម្ពស់អន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជា (CHAIn)» ជាគម្រោងកសាងសមត្ថភាព ដែលសហការគាំទ្រដោយសហគមន៍អ៉ីរ៉ុប (EU)។ សមាជិកនៃគម្រោងនេះ រួមមានសាកលវិទ្យាល័យសាឡាន់ (Universität des Saarlandes) សាកលវិទ្យាល័យអាលីកាន់តេ (University of Alicante) សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យជាតិគ្រប់គ្រង និងអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួង អប់រំ យុវជន និងកីឡា។
ទិសដៅនៃគម្រោងនេះ គឺដើម្បីណែនាំ និងអភិវឌ្ឍយុទ្ធសាស្រ្តអន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជា។ រីឯ គោលបំណងនៃគម្រោងនេះរួមមាន ១) ការរួមបញ្ចូលរចនាសម្ព័ន្ធអន្តរជាតូបនីយកម្ម និងការកសាងធនធានមនុស្ស នៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ២) ការចូលរួមធ្វើកំណែទម្រង់អភិបាលកិច្ចរបស់ក្រសួង អប់រំ យុវជន និងកីឡា ៣) ធ្វើឱ្យប្រសើរឡើង និងបង្កើតបណ្ដាញជាតិ និងអន្តរជាតិ តាមរយៈសកម្មភាពជាយុទ្ធសាស្រ្តក្នុងផ្នែកសំខាន់ៗ នៃប្រព័ន្ធអប់រំឧត្តមសិក្សាកម្ពុជា។
កិច្ចប្រជុំថ្នាក់ជាតិលើកទី១ នៃគម្រោង CHAIn នេះ ជាការប្រមូលផ្ដុំអ្នកពាក់ព័ន្ធសំខាន់ៗមកពីស្ថាប័នអប់រំផ្សេងៗ និងក្រសួងអបរំ យុវជន និងកីឡា ដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្រ្តអនាគត នៃការអប់រំឧត្តមសិក្សានៅកម្ពុជា ដោយផ្ដោតលើការជំរុញឱ្យមានអន្តរជាតូបនីយកម្ម៕