(បរទេស)៖ ស្របពេលបច្ចេកវិទ្យាពិភពលោកកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស មានក្រុមហ៊ុនបច្ចេកវិទ្យាមិនតិចនោះទេកំពុងប្រជែងគ្នាយ៉ាងសកម្ម ដោយបានពង្រីកនិងពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការបង្កើតឧបករណ៍ទំនើបៗ និងប្រព័ន្ធវៃឆ្លាតផ្សេងៗ។ ជាក់ស្តែង ងាកមកក្រុមហ៊ុនផលិតបន្ទះឈីប AMD ត្រូវបានរាយការណ៍មកថា កំពុងទិញយកក្រុមហ៊ុនផលិតម៉ាស៊ីនមេ (Server) ZT Systems ក្នុងតម្លៃ ៤.៩ពាន់លានដុល្លារ ដើម្បីតាមឲ្យ​ទាន់ក្រុមហ៊ុនយក្សធំៗ ដូចជា Nvidia ជាដើម។

បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា AMD គ្រោងនឹងចំណាយ ៧៥% នៃការទិញយក ZT Systems ជាសាច់ប្រាក់សុទ្ធ និងនៅសល់ប៉ុន្មានជាភាគហ៊ុន។ តម្រូវការកុំព្យូទ័រ AI បានកំណត់ថា ក្រុមហ៊ុនបច្ចេកវិទ្យា AMD មានតម្រូវការបន្ទះឈីបរាប់ពាន់ ដើម្បីសម្រេចឲ្យបាននូវបរិមាណចាំបាច់ ក្នុងនោះការរៀបចំប្រព័ន្ធ Server ក៏កាន់តែមានសារៈសំខាន់ផងដែរ ដែលនេះជាមូលហេតុ AMD ទិញ ZT Systems ។

លោក Lisa Su នាយកប្រតិបត្តិ AMD បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Reuters ថា «ប្រព័ន្ធ AI គឺជាអាទិភាពយុទ្ធសាស្ត្រទី១ របស់យើង»។ លោកសង្កត់ធ្ងន់ថា «ការបន្ថែមវិស្វករពី ZT Systems នឹងអនុញ្ញាតឱ្យ AMD ធ្វើតេស្តកាន់តែលឿន និងដាក់ចេញនូវអង្គដំណើរការក្រាហ្វិក AI ចុងក្រោយបំផុត (GPUs) របស់យើង ដូចទៅនឹងក្រុមហ៊ុនយក្សដូចជា Microsoft ដែរ។ វិធីចម្បង (ZT Systems) គឺជាការបន្ថែមដល់ក្រុមហ៊ុន គឺយើងលក់ GPUs កាន់តែច្រើន»

គួរជម្រាបថា ក្រោយប្រកាសពីការទិញលក់នេះ ភាគហ៊ុនរបស់ AMD បានកើនឡើងច្រើនជាង ២% ខណៈពេលដែល Nvidia បានកើនឡើង ១..៤%៕