(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអប់រំឈានមុខគេមួយ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំនៅប្រទេសកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារកាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំ និងគួរឱ្យទុកចិត្តក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់បទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងការអប់រំនៅប្រទេសកម្ពុជា។

ការអនុស្សរណៈនៃការយោគយល់នេះ ដើម្បីផ្តល់ជូននូវភាពងាយស្រួលនៃការទូទាត់ប្រាក់ និងអត្ថប្រយោជន៍ផ្តាច់មុខមួយចំនួនសម្រាប់ភាគីទាំងសងខាង។ កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ទាំងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងការអប់រំនៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោកស្រី ជា នាងអេង ប្រធាន និងជាអគ្គនាយិកាក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន និងលោកស្រី ឈាង សុភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារកាណាឌីយ៉ា។ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលរបស់ធនាគារកាណាឌីយ៉ា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗលោកគ្រូ អ្នកគ្រូ និងបុគ្គលិកពីស្ថាប័នទាំងពីរ។

លោកស្រីអគ្គនាយិកា ជា នាងអេង បានសម្តែងនូវការសាទរចំពោះភាពជាដៃគូនេះ ដោយលើកឡើងថា «កិច្ចព្រមព្រៀងនៅថ្ងៃនេះ គឺលើសពីការប្រកាសនៃកិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរជាផ្លូវការ។ ការសហរការនេះ គឺតំណាងឱ្យវិធីសាស្រ្តឆ្ពោះទៅមុខ នៃការរួមបញ្ចូលសេវានៃការអប់រំ និងសេវាហិរញ្ញវត្ថុ។ តាមរយៈការចូលរួមនេះដែរ យើងប្តេជ្ញាផ្តល់ជូនបុគ្គលិក សិស្សានុសិស្ស និងអតិថិជនរបស់យើងនូវភាពងាយស្រួល និងអត្ថប្រយោជន៍ និងពង្រឹងបន្ថែមនូវបទពិសោធន៍របស់ធនាគារកាណាឌីយ៉ាជាមួយក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន»

អ្នកស្រី ឈាង សោភា បានបន្តដោយបញ្ជាក់ពីអត្ថប្រយោជន៍ទៅវិញទៅមកនៃការចុះអនុស្សរណៈនេះថា «នាងខ្ញុំជឿជាក់ថា តាមរយៈកិច្ចសហការនេះនឹងជួយរឹតចំណងមិត្តភាពរវាងក្រុមហ៊ុនទាំងពីរឲ្យកាន់តែជិតស្និទ្ធ ជាពិសេសក៏ជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជាបានមួយកម្រិតទៀតផងដែរ។ កិច្ចសហការនេះមិនត្រឹមតែជាកិច្ចព្រមព្រៀង តែក៏ជាការប្តេជ្ញាចិត្តរួមគ្នាពីភាគីទាំងសងខាង ក្នុងការផ្តល់នូវមធ្យោបាយទូទាត់ដ៏ងាយស្រួល ព្រមទាំងអត្ថប្រយោជន៍ពិសេសដល់បុគ្គលិក និងអតិថិជនរបស់យើង ក៏ដូចជាសិស្សានុសិស្សរបស់ អ៉ីអិលធី អេឌ្យូខេសិនផងដែរ។ ជាងនេះទៅទៀត ធនាគារកាណាឌីយ៉ានឹងចែករំលែកអំពីចំណេះដឹងហិរញ្ញវត្ថុ ដើម្បីបណ្តុះទម្លាប់សន្សំប្រាក់ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ សម្រាប់ការគ្រប់គ្រងផែនការហិរញ្ញវត្ថុពេញមួយជីវិតជូនទៅសិស្សានុសិស្សរបស់ អ៉ីអិលធី អេឌ្យូខេសិន បន្ថែមទៀត។ យើងមានសេចក្ដីរំភើបរីករាយចំពោះកិច្ចសហការនេះ ដើម្បីផ្តល់ជូនអតិថិជនរបស់យើង និងអតិថិជនរបស់ក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងតម្លៃបន្ថែម»

កិច្ចសហការនេះនឹងនាំមកនូវការរួមបញ្ចូលដំណោះស្រាយ នៃការទូទាត់ប្រាក់កម្រិតខ្ពស់របស់ធនាគារកាណាឌីយ៉ា ទៅក្នុងសេវាកម្មរបស់ក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន ដោយផ្តល់ជូននូវដំណើរការនៃការទូទាត់ដែលមានភាពងាយស្រួល និងមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រតិបត្តិការបង់ប្រាក់មានភាពងាយស្រួលសម្រាប់សិស្ស និងបុគ្គលិកឲ្យសមស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន។

ការចុះអនុស្សរណៈនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរក្នុងការបង្កើនសក្ដានុពលក្នុងការផ្តល់ជូននូវសេវាកម្មដ៏ប្រសើរ និងបង្កើនបទពិសោធន៍សម្រាប់ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន។ ស្របពេលដែលក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន និងធនាគារកាណាឌីយ៉ា បានចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺបានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទាំងពីរចំពោះការបង្កើតថ្មី និងឧត្តមភាពនៅក្នុងវិស័យរៀងៗខ្លួន។

* អំពីក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន
អ៉ី.អិល.ធី (ELT) ត្រូវបានបង្កើតឡើងដំបូងជា American Academy of Language Art (AALA) ក្នុងឆ្នាំ១៩៩៤ ក្នុងទីក្រុងភ្នំពេញ ដោយសហគ្រិនអាមេរិកដែលមានគោលបំណងលើកកម្ពស់ការអប់រំ និងរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៧ លោកស្រី ជា នាងអេង ដែលជាអ្នកមានចក្ខុវិស័យខ្ពស់លើវិ័ស័យអប់រំ បានទទួលសិទ្ធិគ្រប់គ្រងផ្តាច់មុខ ហើយបានប្តូរឈ្មោះវិទ្យាស្ថាននេះ ទៅជាវិទ្យាស្ថានហ្វឹកហ្វឺនភាសាអង់គ្លេស (ELT Institute)។ សព្វថ្ងៃនេះ វិទ្យាស្ថាន អ៉ីអិលធី (ELT Institute) គឺជាផ្នែកមួយនៃក្រុមហ៊ុន អ៉ីអិលធី អេឌ្យូខេសិន (ELT Education) ដែលក្រុមហ៊ុន ក៏មានសាលាអន្តរជាតិ ប៊ើខឹលី (Berkeley International School) និងសាលាមធ្យមសិក្សា និងបឋមសិក្សា អ៉ីអិលធី (ELT Elementary and Secondary School) ផងដែរ។ ចក្ខុវិស័យរបស់យើង គឺដើម្បីផ្តល់នូវបរិយាកាសសិក្សាដែលមានភាពគាំទ្រ និងប្រកួតប្រជែងសម្រាប់សិស្សពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ សម្រាប់កម្មវិធីសិក្សាជាតិនិងអន្តរជាតិ។ លើសពីនេះ យើងផ្តល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ និងភាសាអង់គ្លេសថ្នាក់ជំនាញសម្រាប់មន្រ្តីរាជការ និងបុគ្គលិកទូទៅផងដែរ។ បច្ចុប្បន្ន យើងមានសាខាសាលាអន្តរជាតិ ប៊ើខឹលី ចំនួនពីរសាខាវិទ្យាស្ថាន អ៉ី.អិល.ធី មួយសាខា និងសាខាសាលាមធ្យមសិក្សា និងបឋមសិក្សា អ៉ី.អិល.ធី មួយសាខា។ យើងមានសេចក្តីសោមនស្សរីករាយ ដើម្បីជម្រាបដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សថានៅដើមឆ្នាំ២០២៥ខាងមុខនេះ យើងនឹងពង្រីកបន្ថែមសាខាទី៤ និងទី៥ របស់សាលាអន្តរជាតិ ប៊ើខឹលី។

* អំពីធនាគារកាណាឌីយ៉ា

ធនាគារកាណាឌីយ៉ា គឺជាធនាគារពាណិជ្ជធំមួយនៅក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ជាមួយនឹងចំណែកទីផ្សារមួយផ្នែកធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងឆ្នាំ២០២៤ ធនាគារកាណាឌីយ៉ាបានទទួលពានរង្វាន់ «ធនាគារឆ្នើមសម្រាប់សេវាកម្មរូបវន្តបុគ្គល» ជាលើកទី៤ ទទួលស្គាល់ដោយស្ថាប័ន The Asian Banker ទទួលបានពានរង្វាន់ជាលើកទី២ ជា «ធនាគារឆ្នើមសម្រាប់សាជីវកម្មនៅកម្ពុជា» ទទួលស្គាល់ដោយស្ថាប័ន Euromoney និងពានរង្វាន់ «ធនាគារឆ្នើមសម្រាប់សហគ្រាសធុនតូច និងមធ្យម» ដោយស្ថាប័ន The Digital Banker។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏បានទទួលពាន់រង្វាន់ចំនួនពីរថ្មីៗនេះពីស្ថាប័ន International Finance Awards ជាពានរង្វាន់ធនាគារពាណិជ្ជដ៏ឆ្នើមបំផុត ជាលើកទី៦ និងពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្ម» នៅកម្ពុជាឆ្នាំ២០២៤ ជាលើកដំបូង។ នាពេលបច្ចុប្បន្ន ធនាគារកាណាឌីយ៉ាមានបណ្តាញសាខាចំនួន៦៨ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង៤៥០ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM)ម៉ាស៊ីនបើកគណនី (VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM)។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
អ៉ីម៉ែលរបស់សាលាអន្តរជាតិ ប៊ើខឹលី៖ [email protected]
ទូរស័ព្ទលេខ៖ 012 900 242 / 012 872 630