(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញនូវមោទនភាព ចំពោះកូនក្រុមខ្លួនជាខ្លាំង ដែលធ្វើបានយ៉ាងល្អក្នុងការយកឈ្នះ Terengganu FC ក្នុងលទ្ធផល ៣-២ ជាក្លិបធំមួយរបស់លីគម៉ាឡេស៊ី ក្នុងជំនួបបើឆាកវគ្គចែកពូលនៃពានរង្វាន់ប្រចាំតំបន់ ASEAN Club Championship Shopee Cup 2024/25) ពូលA ។

មុនការប្រកួតខាងលើ លោក Pep Munoz បានចាត់ទុក Terengganu FC គឺជាបេក្ខភាពមួយ ក្នុងចំណោម ២ក្រុម ជាមួយក្រុម BG Pathum United របស់ថៃ ដែលលោកគិតថា ជាក្រុមខ្លាំងជាងគេ ក្នុងពូល ហើយលោកក៏បានចាត់ទុកការលេងក្រៅដី ២ប្រកួតដំបូង ជាមួយក្រុមខ្លាំងទាំងពីរ គឺជាផលវិជ្ជមាន ក្នុងការជំរុញ និងលើកទឹកចិត្តកូនក្រុមឲ្យខំប្រឹង និងបង្ហាញពីកម្រិតលេងរបស់ក្រុមខ្លួនផងដែរ ។

ឈានដល់ការប្រកួតផ្លូវការ ព្រះខ័នរាជស្វាយរៀង ពិតជាធ្វើបានល្អដូចការរំពឹងទុក ពិសេសនៅវគ្គទី១ ដែលក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានគ្រប់គ្រងការប្រកួតយ៉ាងល្អ ហើយក៏សមនឹងរកបានគ្រាប់បាល់ច្រើនជាងនេះទៀតផង ។ យ៉ាងណាមិញ ក៏មានចំណុចខ្វះខាតខ្លះ ដែលលោកព្យាយាមកែលម្អបន្ថែម ដើម្បីក្លាយជាក្រុមមួយដ៏ល្អ ពិសេសដើម្បីត្រៀមការប្រកួតបន្ដបន្ទាប់ទៀត ។

លោក Pep Munoz បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតថា «អ្នកដឹងទេថា វាពិតជាលំបាកណាស់ក្នុងការមកលេងនៅម៉ាឡេស៊ី ទល់នឹងក្លិបធំមួយនេះ(Terengganu) ហើយឈ្នះការប្រកួតនេះ។ កីឡាកររបស់យើងអាចធ្វើបាន ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះពួកគេ ពិសេសគឺការលេងរបស់ពួកគេផ្ទាល់តែម្ដង ខ្ញុំពិតជាសប្បាយចិត្ដចំពោះអ្នកគាំទ្រនៅកម្ពុជា សង្ឃឹមថា ពួកគេនឹងសប្បាយចិត្តនឹងលទ្ធផលនេះ» ។

គួរដឹងថា ក្រោយរកបាន ៣ពិន្ទុពីការប្រកួតក្រៅដីខាងលើ ព្រះខ័នរាជស្វាយរៀង បានឈរលេខ២ ក្នុងពូលA នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុស្មើក្រុម Bong A Thanh Foa FC បន្ទាប់ពីក្រុមវៀតណាមមួយនេះ បានវាយបកយកឈ្នះក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា ៣-១ ។ រីឯក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី និងក្រុម BG Pathum United របស់ថៃ ចែកគ្នាយកបានម្នាក់ ១ពិន្ទុ ក្រោយប្រកួតស្មើគ្នា ០-០ ។

សម្រាប់ប្រកួតបន្ទាប់ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម BG Pathum United នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ មុនបើកទ្វារផ្ទះស្វាគមន៍ក្រុម PSM Makassar នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។

បន្ទាប់មកនៅថ្ងៃទី២២ ខែមករាដដែល ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវហោះទៅជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa FC មុនការប្រកួតបញ្ចប់ពូល A ប៉ះជាមួយក្រុមភ្ញៀវ Shan United នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ៕