(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជាំ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿងទៀតហើយ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា។

មេដាយទី៣ និងទី៤ ដែលអត្តពលិកកម្ពុជាដណ្ដើមបានជូនជាតិនេះ គឺដណ្ដើមបានលើវិញ្ញាសាមេគុនក្រុមបុរស និងក្រុមនារី បន្ទាប់ពីប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមម្ចាស់ក្បាច់គុនកូរ៉េខាងជើងដូចគ្នា តែសោកស្ដាយទទួលបានលទ្ធផលមិនគាប់ប្រសើរ ទាំងក្រុមបុរស និងក្រុមនារីកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ គ្រាដែលមេដាយមាស គឺបានទៅកូរ៉េខាងជើងទាំង ២វិញ្ញាសា។

គួរដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហានេះ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ៤គ្រឿង រួមមានមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ បន្ទាប់ពីកីឡាករ សម្បត្តិ សុវណ្ណរ៉េន ដណ្ដើមបានមេដាយសំរឹទ្ធ ១ និងកីឡាករតាំង សៀសុង ដែលដណ្ដើមបានមេដាយប្រាក់ ១ កាលពីម្សិលមិញ។ យ៉ាងណាមិញ កម្ពុជា នៅសល់វិញ្ញាសាជាច្រើនទៀត ដែលនឹងត្រូវធ្វើការប្រកួតបន្ដ ពិសេសវិញ្ញាសាប្រយុទ្ធតែម្ដង៕