(ភ្នំពេញ)៖ ត្រៀមខ្លួនហើយឬនៅហ្វេនៗសំណព្វចិត្តទាំងអស់? កុំភ្លេចត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី២។​

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT ដ៏ធំបំផុតប្រចាំឆ្នាំ២០២៤ នេះនឹងនាំវត្តមានរបស់លោក PSY កំពូលតារាចម្រៀងកូរ៉េ K-Pop ម្ចាស់បទ Gangnam Style (K-Pop Legend) ដ៏ល្បីរន្ទឺពាសពេញពិភពលោកនៅថ្ងៃទី៊០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខនេះអមជាមួយវត្តមានកំពូលតារាចម្រៀងក្នុងស្រុកជាច្រើនរូបទៀតក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។

នេះគឺជាលើកទី១ ហើយដែលកំពូលតារាចម្រៀងកូរ៉េ K-Pop លោក PSY មានវត្តមានក្នុងការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សនៅលើឆាក GANZBERG។ លោក PSY ដែលមានឈ្មោះពិតថា Park Jae-sang បានក្លាយជាតារាអន្តរជាតិដែលមានឈ្មោះល្បីរន្ទឺពាសពេញពិភពលោកជាមួយនឹងបទចម្រៀងដែលមានចង្វាក់ទាក់ទាញប្លែកខុសពីគេ។ អ្វីដែលធ្វើឱ្យពិភពលោកស្គាល់លោក PSY កាន់តែច្បាស់ក្នុងពេលដ៏ខ្លីនោះ គឺតាមរយៈបទចម្រៀងដ៏ល្បីល្បាញ Gangnam Style អមដោយ MV នៅឆ្នាំ២០១២ ដែលបានក្លាយជាវីដេអូ YouTube ទី១ ដែលមានអ្នកចូលទស្សនារហូតដល់ទៅលើស ១ពាន់លានដង និងបានស្ថិតនៅកំពូលតារាងរយៈពេលជិត ៥ឆ្នាំមុនពេលត្រូវបានវ៉ាឈ្នះដោយវីដេអូចម្រៀង See You Again របស់កំពូលតារាចម្រៀងរែប Wiz Khalifa។

សូមបញ្ជាក់ថា Gangnam Style បានក្លាយជាបទចម្រៀង K-Pop ដំបូងដែលមានអ្នកចូលទស្សនារហូតដល់លើស៤ ពាន់លានដងគិតត្រឹមខែមីនា ឆ្នាំ២០២១។

ក្រៅពីបទ Gangnam Style លោក PSY ក៏បានបញ្ចេញបទចម្រៀងដ៏ល្បីរន្ទឺមួយបទទៀតមានចំណងជើងថា Gentleman រួមជាមួយបទចម្រៀងល្បីៗជាច្រើនទៀតដែលធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់លោកក្នុងនាមជាកំពូលតារាជើងចាស់ក្នុងវិស័យ K-Pop ឬ K-Pop Legend កាន់តែល្បីរន្ទឺ។ ដោយសារតែប្រជាប្រិយភាពដ៏សម្បើមរបស់លោក PSY ត្រូវបានអញ្ជើញឱ្យទៅច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិនៅប្រទេសជាច្រើន រួមទាំងនៅសហរដ្ឋអាម៉េរិក និងលើកនេះនៅខ្មែរយើងផងដែរ។

សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូលតារាចម្រៀងដ៏ឆ្នើមរបស់ យើងក្នុងព្រឹត្តការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី២! សំបុត្រចូលរួមទស្សនានឹងមានលក់ក្នុងពេលឆាប់ៗនេះ!។​

GANZBERG តន្រ្តីលំដាប់ពិភពលោក!!
GANZBERG SUPER IDOL CONCERT!!៕