(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសតាមរយៈកម្មវិធីប្រកបពាក្យភាសាអង់គ្លេស (Spelling Bee) គេបានរកឃើញសិស្សជ័យលាភីក្នុងបណ្តាញសាលារៀនសហគមន៍២១ ចំនួន៨រូបដែលមានឱកាសទៅធ្វើទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ នៅប្រទេសសឹង្ហបុរី។
សិស្សឆ្នើមទាំង ៨នាក់ នឹងត្រូវចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី។ នៅទីនោះ ពួកគេនឹងត្រូវទៅទស្សនកិច្ចនៅសារៈមន្ទីរវិទ្យាសាស្រ្ត គ្រឹះស្ថានអប់រំ ទស្សនាទីក្រុង ផ្សារទំនើបនៃប្រទេសសិង្ហបុរី និងកន្លែងទេសចរណ៍ដូចជា៖ Merlion/Marina Bay, China Town, Garden by the Bay, ទីក្រុងLittle India។
សូមជម្រាបថា សាលារៀនសហគមន៍២១ គឺជាបុត្រសម្ព័ន្ធនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានចក្ខុវិស័យអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មីសម្រាប់សហគមន៍ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍ក្នុងប្រទេសកម្ពុជា។ ចំណែកកម្មវិធីសិក្សាក៏ផ្តោតសំខាន់លើការអភិវឌ្ឍបុគ្គលលក្ខណៈ ការប្រាស្រ័យទាក់ទង បំណិនជីវិត វប្បធម៌ចម្រុះ ដើម្បីប្រាកដប្រជាថាសិស្សអាចសម្របសម្រួលខ្លួនរស់នៅ ប្រកបអាជីវកម្ម និងបំពេញការងារក្នុងមជ្ឈដ្ឋានប្រទេសកម្ពុជា និងអន្តរជាតិ។
ទន្ទឹមនឹងនេះ សាលារៀនសហគមន៍២១ ផ្តល់សេវាកម្មអប់រំលើកម្មវិធីមត្តេយ្យភាសាខ្មែរ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីចំណេះទូទៅភាសាខ្មែរតាមរយៈប្រព័ន្ធអប់រំជាតិ កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យ។
ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានបន្ថែមកម្មវិធីសិក្សាអមចំនួន២៖
* ១. កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព ដែលនាំមកពីប្រទេសសិង្ហបុរី
* ២. កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាសម្បទាតាមរយៈមេរៀនទម្លាប់ល្អទាំង៧សម្រាប់បុគ្គលិកឆ្នើម ដែលនាំមពីសហរដ្ឋអាមេរិក។
កម្មវិធីសិក្សាទាំងពីរនេះផ្តោតលើជំនាញបំណិនសតវត្សរ៍ទី២១ ដើម្បីជួយឱ្យសិស្ស អាចសម្របខ្លួនទៅនឹងបម្រែបម្រួលបរិបទសង្គម សេដ្ឋកិច្ចក៏ដូចជាសម្រាប់ទីផ្សារការងារនៅពេលអនាគត។
លើសពីនេះ សាលារៀនក៏បានបន្ថែមជំនាញកុំព្យូទ័រ កីឡា សិល្បៈ ដើម្បីពង្រឹងកាយសម្បទា សុខភាព ស្មារតីជាក្រុម កាត់បន្ថយភាពតាងតឹងផ្នែកអារម្មណ៍ ការកម្សាន្តសប្បាយរីករាយ ក៏ដូចជាផ្តល់បណ្តុះជំនាញថ្មីៗសម្រាប់បំណិនជីវិត។ ក្លឹបសិក្សា និងក្លឹបប្រកួតប្រជែងសិស្សពូកែ ក៏ជាសកម្មភាពសាលារៀនបង្កើតឡើងក្នុងគោលបំណងជំរុញការរៀន និងបង្រៀនរបស់សិស្សានុសិស្សឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ សាលារៀនក៏យកចិត្តទុកដាក់ខ្ពស់ផងដែរលើការអប់រំសុខភាព វិធីសាស្ត្រអប់រំបុត្រធីតា និងប្រធានបទផ្សេងៗទៀតតាមរយៈសិក្ខាសាលាអប់រំសម្រាប់អាណាព្យាបាល និងសិស្ស៕