(ភ្នំពេញ)៖ ធនាគារ ABA ជាធនាគារពាណិជ្ចធំបំផុតនៅប្រទេសកម្ពុជា មានមោទនភាពដែលបានក្លាយជាអ្នកឧបត្ថម្ភធំ របស់សន្និសីទធនាគារនៅកម្ពុជាឆ្នាំ២០២៤ រៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ។
សន្និសីទនេះផ្តោតលើប្រធានបទស្តីពីការរួបរួមវិស័យហិរញ្ញវត្ថុ៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកសាង វិស័យហិរញ្ញវត្ថុដ៏រឹងមាំ» ដែលផ្តោតពិភាក្សាលើបញ្ហាទាក់ទងទៅនឹងវិស័យធនាគារ។
អង្គសន្និបាតបានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពរបស់ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា អ្នកតំណាងបណ្តាក្រសួងនានា សមាជិកសមាគម ស្ថាប័នអន្តរជាតិជាច្រើនដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) សមាគមធនាគារអាស៊ាន (ASEAN Bank Association) និងស្ថាប័នពាក់ព័ន្ធផ្សេងជាច្រើនទៀត។
ក្នុងរយៈពេលសន្និសីទពីរថ្ងៃនេះ វាគ្មិនជំនាញជាច្រើនរូបបានអញ្ជើញធ្វើបទបង្ហាញ និងចូលរួមវេទិកាពិភាក្សា ដោយគ្របដណ្តប់លើប្រធានបទដូចជា សេវាធនាគារឌីធីថល ការពារការក្លែងបន្លំ បច្ចុប្បន្នភាពសេដ្ឋកិច្ចសកល។ល។
លោក Torsten Klein Buening នាយកហានិភ័យនៃធនាគារ ABA ក៏បានចូលរួមក្នុងវេទិកាពិភាក្សា ជាអ្នកសម្របសម្រួលលើប្រធានបទ «ការពារការក្លែងបន្លំ៖ ទប់ទល់នឹងការក្លែងបន្លំក្នុងសម័យឌីជីថល»។ លោកបានចូលរួមគាំទ្រកិច្ចពិភាក្សានេះ ដោយចែករំលែកអំពីវិធីសាស្រ្តរបស់ធនាគារ ABA ក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ក្នុងការកំណត់និងកាត់បន្ថយហានិភ័យទាំងនេះ។ តាមរយៈការឧបត្ថម្ភ និងចូលរួមក្នុងសន្និសីទនេះ ធនាគារ ABA បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងការពិភាក្សាក្នុងវិស័យហិរញ្ញវត្ថុ និងបន្តផ្តល់សេវាកម្មធនាគារដែលមានភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប៕