(សៀមរាប)៖ នៅក្នុងខែសីហានេះ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរ និងបង្កាន់នាគ ផ្នែកខាងលិចនៃជណ្ដើរកណ្ដាល ខាងត្បូងប្រាសាទអង្គរវត្តហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែឧសភាមក។

លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះមុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់មកបានជួសជុលនាគឱ្យមានជំហរនិងលំនឹងដូចដើមវិញ។

តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល៣ខែ។ បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យនៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។ ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរាកំពុងសិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោងជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យល្អប្រសើរឡើងវិញ៕