(អូស្ត្រាលី)៖ ក្លិប Sydney FC ដែលស្ថិតក្នុងលីគអូស្ត្រាលី A-League បានសម្រេចក្នុងការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ជម្រើសជាតិប្រេស៊ីល Douglas Costa ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំ ក្រោយមានការព្រមព្រៀងធ្វើឡើងមុនកិច្ចសន្យារបស់រូបគេជាមួយក្លិប Fluminense ដើម្បីធ្វើឱ្យកាន់តែប្រសើឡើងសម្រាប់ក្លិប និងការប្រកួតប្រជែងក្នុងលីគតំបន់អាស៊ី AFC។

សូមជម្រាបផងថា សម្រាប់ការឈានជើងមកកាន់ក្លិបក្នុងអាជីពក្នុងតំបន់អាស៊ី Sydney FC គឺជាក្លិបអាជីពទី៦ របស់ខ្សែប្រយុទ្ធ Douglas Costa បន្ទាប់ពីបានចំណាយពេលលេងនៅតំបន់អឺរ៉ុប ជាមួយ Shakhtar Donetsk, Bayern Munich និង Juventus ហើយក៏ចេញទៅលេងជាមួយក្លិបសហរដ្ឋអាមេរិក LA Galaxy បន្ទាប់ពីក្លិបក្នុងស្រុក Gremio ។

កីឡាករលេងក្នុងទម្រង់ខ្សែបម្រើប្រយុទ្ធស្លាប Douglas Costa ដែលមានវ័យ ៣៣ឆ្នាំរូបនេះ នឹងមកដល់ទីក្រុងស៊ីដនី ក្នុងការចុះហត្ថលេខាដ៏ធំបំផុតរបស់ពួកគេ គិតចាប់តាំងពីកីឡាករសញ្ជាតិអ៊ីតាលី Alessandro Del Piero ក្នុងឆ្នាំ២០១២។ ខណៈរបាយការណ៍តម្លៃនៃការផ្ទេរមិនត្រូវបានបង្ហាញនោះទេ ។

ប្រភពពី theguardian បានឱ្យដឹងថា គិតមកដល់ពេលនេះតម្លៃផ្ទេរសរុបរបស់ Douglas Costa ក្នុងការសម្រេចចុះហត្ថលេខានៅក្លិបទាំងអស់មានដល់ ១៤០លានដុល្លារ ក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ ក្នុងនាមជាកីឡាករម្នាក់រកបាន ៧៦គ្រាប់ ពីការបង្ហាញខ្លួនសរុប ៥៣៩ប្រកួតជាមួយក្លិបអាជីព ។