(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលដឹកនាំផ្ទាល់ដោយទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា រយៈពេលជាង ១សប្ដាហ៍កន្លងមក។

គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ មន្ដ្រីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ២៧នាក់ ចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ ចាប់ពីថ្ងៃទី១៩-២៥ ខែសីហាកន្លងទៅ។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ៣ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ១៤គ្រឿង។ នេះគឺជាសមិទ្ធផលដ៏ល្អប្រសើរមួយ សម្រាប់សហព័ន្ធដែលបានបញ្ជូនអត្តពលិកវ័យក្មេងជាច្រើនចូលរួម។

អ្វីដែលពិសេសទៀតនោះ កម្ពុជា គឺបានទទួលនូវពានកិត្តិយសជាប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមអត្តពលិកចូលរួមជាង ២០ប្រទេស ដោយចំណាត់ថ្នាក់លេខ១ បានទៅក្រុមកូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុន គ្រាដែលលេខ២ បានទៅក្រុមប្រតិភូតេក្វាន់ដូ ITF នៃប្រទេសកាហ្សាក់ស្ថាន។ រីឯប្រទេសជាង ១០ផ្សេងទៀត គឺស្ថិតនៅក្រោមកម្ពុជា៕