(បរទេស)៖ ក្រុមហ៊ុន Meta បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញការប៉ុនប៉ងលួចចូលគណនី WhatsApp របស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតី Donald Trump និងបានបញ្ជាក់ថា ទង្វើមួយនេះគឺជាក្រុម Hacker អ៊ីរ៉ង់ ហើយក្រុមនេះក៏ធ្លាប់បានធ្វើសកម្មភាពកាលពីដើមខែទៅលើយុទ្ធនាការឃោសនារបស់លោក Trump ។

តាមការបញ្ជាក់បន្ថែមរបស់ Meta បានឱ្យដឹងថា ក្រុម Hacker ក្រុម​នេះ​បាន​កំណត់​គោលដៅ និងធ្វើសកម្មភាពទៅលើគណនីរបស់​សកម្មជន​ផ្សេងៗ អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ មន្ត្រីនយោបាយ មន្ត្រីការទូត និងឥស្សរជនសាធារណៈផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណពួក Hacker ជាច្រើននាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ ដែលត្រូវបានគេជឿថា បានកំណត់គោលដៅលើយុទ្ធនាការប្រធានាធិបតីអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត៕