(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធវ័យក្មេង Endrick សញ្ជាតិប្រេស៊ីល នៅពេលនេះរកបាន ១គ្រាប់ដំបូងហើយ ក្នុងការបង្ហាញខ្លួនជាមួយក្លិបអាជីព Real Madrid ស្ថិតក្នុងលីគអេស្ប៉ាញ La Liga និងជាប្រកួតដំបូងរបស់គេដែលបានយកឈ្នះលើក្រុម Real Valladolid ៣-០ នៅជំនួបសប្តាហ៍ទី២ ក្នុងលីគរដូវកាលនេះ ហើយការស៊ុតនេះត្រូវបានកត់ត្រាចូលក្នុងបញ្ជីកំណត់ត្រារបស់ក្លិប ។

ស្ថិតក្រោមការដឹកនាំក្រុមដោយលោក Carlo Ancelotti កីឡាករវ័យ ១៨ឆ្នាំ Endrick ត្រូវបានផ្តល់ឱកាសចូលជំនួសខ្សែប្រយុទ្ធបារាំង Kylian Mbappe នៅនាទី៨៦ ហើយរូបគេក៏រកបានគ្រាប់ស៊ុតបញ្ចូលទីនៅនាទី៩០+៦ បន្ទាប់ពីមិត្តរួមក្រុម Federico Valverde ស៊ុតនៅនាទី៥០ និង Brahim Diaz ធ្វើបាននៅទី៨៨ រកបានក្នុងប្រកួតយ៉ាងតានតឹងក្នុងនាមជាក្រុមម្ចាស់ផ្ទះការប្រកួត ។

សូមជម្រាបផងថា Endrick បានសម្រេចការព្រមព្រៀងផ្ទេរមកកាន់ក្លិបអាជីព Real Madrid កាលឆ្នាំ២០២២ ក្នុងវ័យ ១៦ឆ្នាំ ប៉ុន្តែដោយច្បាប់របស់ស្ថាប័ន FIFA ដែលហាមលើការផ្ទេរយកកីឡាករមានអាយុក្រោម ១៨ឆ្នាំលើការផ្លាស់ប្តូរលក្ខខណ្ឌអន្តរជាតិនោះ ហើយរូបគេទើបបានប្រកាសជាផ្លូវការជាមួយក្លិបកំពូលអេស្ប៉ាញ កាលពីខែកក្កដា ឆ្នាំ២០២៤ នេះ ។

នេះក៏ជាការរកបានជ័យជម្នះលើកទី១ របស់ក្លិប Real Madrid ក្នុងរដូវកាលថ្មី ជាមួយការរកបាន ៤ពិន្ទុ ដែលប្រកួតទី១ លេងស្មើជាមួយក្លិប Mallorca ១-១ នឹងឡើងឈរលេខ៤ ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន ។

តាមរយៈការស៊ុត ១គ្រាប់ដំបូងនេះ Endrick បានក្លាយជាកីឡាករទី៦ របស់ក្លិបយក្សអេស្ប៉ាញ Real Madrid ជាកីឡាករមានវ័យក្មេងជាងគេដែលអាចស៊ុតបញ្ចូលទីបានក្នុងប្រកួតផ្លូវការរបស់ក្លិប ក្នុងវ័យ ១៨ឆ្នាំ និង ១ខែ ៤ថ្ងៃ ហើយនៅក្នុងជម្រើសជាតិប្រេស៊ីល រូបក៏កីឡាករវ័យក្មេងជាងគេដែលរកបានគ្រាប់បាល់ក្នុងវ័យត្រឹមតែ ១៧ឆ្នាំ និង ៨ខែ ២ថ្ងៃ ៕