(ភ្នំពេញ)៖ លោក សៅ សេងហាក់ ប្រធានសហព័ន្ធកីឡាខ្មែរកីឡាហាប់គីដូ បានស្ងើចសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងកីឡាករ-កីឡាការិនី រហូតសម្រេចបានសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ហើយសង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់ នឹងរក្សាការខំប្រឹងនេះ ដើម្បីមានឱកាសចូលរួមប្រកួតអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ពិសេសការប្រកួតជើងឯកពិភពលោកតែម្ដង។

ការជំរុញ និងលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រខ្មៅកម្រិតពិភពលោក ដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់ខ្លួន ដែលបានខិតខំសិក្សា និងហ្វឹកហាត់កន្លងមក នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ស្របពេលថ្មីៗ ក្រុមកីឡាហាប់គីដូកម្ពុជា ទើបសម្រេចបានសមិទ្ធផលដ៏ត្រចះត្រង់ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៤ នៅថៃ ដណ្ដើមបានមេដាយសរុប ៤០គ្រឿង (មាស ១២, ប្រាក់ ១៣ និងសំរឹទ្ធ ១៥)។

ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា ដោយសារការផ្សាភ្ជាប់រវាងកីឡាករ-កីឡាការិនី ជាមួយគណៈគ្រប់គ្រងសហព័ន្ធ ក៏ដូចជាការឈ្វេងយល់អំពីបញ្ហាប្រឈមនានា នាំឲ្យសហព័ន្ធអាចដោះស្រាយបានជាបន្ដបន្ទាប់ ហើយបន្ថែមនូវផែនការសំខាន់ៗ ដូចជាការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង កាលពីឆ្នាំ២០២៣ ហើយថ្មីៗនេះ ក្រុមកីឡាហាប់គីដូកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់ការចូលរួមប្រកួតជាលក្ខណៈអន្ដរជាតិលើកដំបូង គឺការប្រកួតជើងឯកពិភពលោក នៅថៃ។

សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ក៏ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដោយការស្វែងយល់ពីចំណុចខ្វះខាត ហើយកែប្រែឲ្យកាន់តែល្អប្រសើរ។ ការណ៍នេះ ទើបសហព័ន្ធមានឱកាសរៀបចំការប្រកួតទាំងថ្នាក់ជាតិ និងចូលរួមការប្រកួតអន្ដរជាតិ ហើយលោកក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ដុសខាតសមត្ថភាពបន្ថែម ដើម្បីមានឱកាសចូលរួមប្រកួតប្រជែងមេដាយកម្រិតពិភពលោកជូនជាតិ នាពេលខាង។ លោក សៅ សេងហាក់ បន្ថែម។

ក្រឡេកមកចាប់អារម្មណ៍ការប្រគល់សញ្ញាបត្រខ្មៅកម្រិតពិភពលោកខាងលើវិញ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹក ដែលទទួលបានសញ្ញាបត្របញ្ជាក់ខ្សែក្រវាត់ខ្មៅ ៦ដាន់ពីសមាគមហាប់គីដូពិភពលោក បានសបញ្ជាក់ថា សមាគមហាប់គីដូពិភពលោកបានបញ្ជាក់សញ្ញាបត្រនេះមានចំនួន ១០នាក់ ក្នុងនោះខ្សែក្រវាត់ខ្មៅ ១ដាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ ២ដាន់ ២នាក់, ខ្សែក្រវាត់ខ្មៅ ៣ដាន់ ៣នាក់ និងខ្សែក្រវាត់ ៦ដាន់ ម្នាក់។ ក្រោពីនេះ សហព័ន្ធខ្មែរកីឡាហាប់គីដូក៏បានចេញលិខិតបញ្ជាក់ ៧នាក់, វិញ្ញាបនបត្រ ៦នាក់ និងខ្មៅ ២ជាន់ ១នាក់ជូនដល់សិស្សគុនដែលបានប្រឹងប្រែងហ្វឹកហាត់ផងដែរ៕