(សៀមរាប)៖ មីជាតិ បានបន្តសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទឹកដី ដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប ។ មីជាតិមានសេចក្តីសោមនស្សរីករាយ ក្នុងការរួមចំណែកជាដៃគូឧបត្ថម្ភធំ គម្រប់ខួបទី១០ នៃព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិច្ចាគ និងទ្រទ្រង់ ដល់ជេរភាព នៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងបេសកម្មផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃទៅកាន់កុមារកម្ពុជា រាប់លាននាក់ ។

ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ ដ៏ធំជាងគេប្រចាំឆ្នាំនេះ តែងតែទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជនពិសេស ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំនេះ មានអ្នកចូលចិត្តកីឡាជិះកង់ប្រមាណជាង ១.០០០នាក់ ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតីតែមួយ ប្រកបដោយក្តីករុណា ចូលរួមជិះកង់ និងបរិច្ចាគវិភាគទាន ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោក សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ប្រចាំឆ្នាំគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរនេះ មួយវិញទៀត ការចូលរួមរបស់វិស័យឯកជន ពិតជាកម្លាំងចលករដ៏សំខាន់ តួយ៉ាងដូចមីជាតិ និង វីតាល់ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលចូលរួមជាចំណែក នៃកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅរហូតដល់១០ឆ្នាំ ។»

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា៖ «មីជាតិពិតជាមោទនភាព ដែលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៤ឆ្នាំរួចមកហើយ ពិសេសក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះតែម្តង ។ លោកបានបន្តទៀតថា ក្រៅពីចូលរួមសហការរៀបចំ មីជាតិក៏បានចូលរួមបរិច្ចាគថវិកាចំនួន ៨០លានរៀល ដែលបានពីមូលនិធិខ្មែរដើម្បីខ្មែរ ដែលជាការចូលរួមបរិច្ចាគដោយផ្ទាល់ ពីអតិថិជនមីជាតិ តាមរយៈការជាវមីជាតិគ្រប់ៗកញ្ចប់ ដើម្បីបានជាប្រយោជន៍ដល់ការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។»

លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ៖ «មន្ទីរពេទ្យកុមារអង្គរ និងកុមារ ដែលបានសម្រាកព្យាបាល សូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងស្មោះ ជូនចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពិសេសក្រុមហ៊ុនមីជាតិ ដែលបានចូល រួមគាំទ្រ ជាដរាបដល់ការរៀបចំព្រឹត្តិការណ៍ សប្បុរសធម៍មួយនេះ និងបរិច្ចាគវិភាគទានជាច្រើនលានរៀល ចំនួន៤ឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញ ពីការរួបរួមគ្នាជួយ ដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយ ដល់សុខុមាលភាពកុមារ ឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេ គឺជាអនាគតដ៏ភ្លឺស្វាង របស់កម្ពុជា» ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែងរកថវិកា សម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ តែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញកំណើន ភ្ញៀវទេសចរខេត្តសៀមរាបផងដែល។ មីជាតិ ក៏សូមអំពាវនាវ ដល់ វិស័យឯកជន សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស បន្តចូលរួមគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទាន ដើម្បីចូលរួមបន្តនិរន្តរភាព នៃការសង្គ្រោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម និងភាតរភាព។ មីជាតិស្នាដៃខ្មែរ រសជាតិខ្មែរ ៕