(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ជាសកម្មភាពនេះរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេសក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជនផងដែរ។

ការលើកឡើងរបស់លោក សោម សុគន្ធ ធ្វើឡើងក្នុងពិធីចែកពានរង្វាន់ មហោស្រពភាពយន្តកម្ពុជា អាស៊ីលើកទី២ រៀបចំឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

លោក សោម សុគន្ធ ​បានថ្លែងឲ្យដឹងថា ការរៀបចំកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែជាវេទិកាសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនីប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយ នូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី។

លោកបានបន្ថែមថា «លើសពីនេះសកម្មភាពនេះ បានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេសក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជនផងដែរ»

លោក សោម សុគន្ធ ​បានបន្ដថា «ខ្ញុំសូមសម្តែងនូវការអបអរសាទរជូនចំពោះផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីព ក្នុងវិស័យភាពយន្តទាំងអស់ ដែលនឹងទទួលបានពានរង្វាន់ក្នុងមហោស្រពនាឆ្នាំនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធី ពិសេសគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងសូមចាត់ទុកថា ការរៀបចំកម្មវិធីនាពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ជាពិសេសលើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីព ក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ឧស្សាហកម្មភាពយន្តរបស់យើង»

សូមជម្រាបថា មានផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីព ក្នុងវិស័យភាពយន្តជាច្រើន បានទទួលពានរង្វាន់ក្នុងមហោស្រពនាឆ្នាំនេះ៕