(ភ្នំពេញ)៖ ការប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅតែបន្តទាក់ទាញទស្សនិកជនទូទាំងប្រទេស ដោយបំបែកកំណត់ត្រានៅក្នុងសប្ដាហ៍ទី១៤របស់ខ្លួន។

កាលពីយប់មិញ MasterChef Cambodia សប្ដាហ៍ទី១៤ បានទាក់ទាញអ្នកទស្សនាផ្ទាល់ចំនួន១០០,០០០នាក់ក្នុងពេលតែមួយ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺមានអ្នកចូលមើល១.៥លានដងភ្លាមៗ ក្រោយការបញ្ចប់ការផ្សាយផ្ទាល់ ដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់កម្មវិធី។ សប្ដាហ៍ទី១៤ បានបង្ហាញពីសកម្មភាពម្ហូបក្នុងវិញ្ញាសាប្រកួតជាក្រុម និងវិញ្ញាសាសម្ពាធដ៏តានតឹង។

ចំនួនអ្នកទស្សនាដែលមិនធ្លាប់មាននេះ មិនត្រឹមតែបង្ហាញពីការកើនឡើងនៃអ្នកគាំទ្ររបស់ MasterChef Cambodia ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកើនឡើងនូវចំណាប់អារម្មណ៍លើវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីដែលត្រូវបានខិតខំសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់ពីក្រុមហ៊ុន Cambodian Broadcasting Service (CBS)។

បន្ទាប់ពីការផ្សាយផ្ទាល់បានបញ្ចប់ ហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia បានអរគុណដល់ទស្សនិកជន ដែលគាំទ្រកម្មវិធីតាំងពីដើមមក និងទស្សនារហូតដល់១០០,០០០នាក់ក្នុងពេលតែមួយផងដែរ។

សូមជម្រាបថា MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨យប់តទៅ៕

ទស្សនាសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖

https://www.facebook.com/MasterChefCambodiaCTN/videos/517307434148276