(ម៉ាទ្រីដ)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី កីឡាករ James Rodriguez បានវិលត្រឡប់ទៅលេងនៅលីគកំពូលអេស្ប៉ាញ La Liga វិញ ជាលើកទី២ បន្ទាប់ពីបានចុះកិច្ចសន្យា ជាមួយក្លិប Rayo Vallecano លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើតាមការប្រកាសពីក្លិបអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

កីឡាករវ័យ ៣៣ឆ្នាំ ដែលបានបង្ហាញខ្លួន ២៥លើក សម្រាប់ Real Madrid ដែលលេងនៅលីគ La Liga ដែរនោះចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ បានចូលរួមជាមួយ Vallecano បន្ទាប់ពីចាកចេញពីក្លិបប្រេស៊ីល Sao Paulo។

Vallecano មិនបានបង្ហាញរយៈពេលនៃកិច្ចសន្យានេះនោះទេ។

James ដែលទទួលបានការកោះហៅ ១០៦លើកសម្រាប់ក្រុមជម្រើសជាតិនោះ មានយុទ្ធនាការ Copa America កាលពីពេលថ្មីៗនេះយ៉ាងល្អ ដោយលោករកបាន ១គ្រាប់ និងបញ្ជូនបាល់បាន ៦គ្រាប់ នាំឱ្យកូឡុំប៊ី ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដ្បិតលោកបានឈ្នះពានកីឡាករល្អប្រចាំព្រឹត្តិការណ៍នេះផងដែរ។

សូមជម្រាបថា ការប្រកួតបន្ទាប់របស់ក្លិប Vallecano គឺនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Barcelona ក្នុងលីគ La Liga នៅថ្ងៃអង្គារនេះ៕