(ឡុងដ៍)៖ អ្នកចាត់ការសញ្ជាតិស៊ុយអែត លោក Sven-Goran Eriksson ដែលបានក្លាយជាអ្នកចាត់ការជនបរទេសដំបូងគេ ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនោះ បានអនិច្ចកម្មហើយនៅថ្ងៃចន្ទ ក្នុងវ័យ ៧៦ឆ្នាំ។ នេះបើតាមការអះអាងពីភ្នាក់ងាររបស់លោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

Eriksson ធ្លាប់បានដឹកនាំក្លិបជាច្រើននៅប្រទេសស៊ុយអែត, ព័រទុយហ្គាល់ និងអ៉ីតាលី ឱ្យឈ្នះពានរង្វាន់ធំៗ ក្នុងទសវត្សរ៍១៩៨០ និង១៩៩០ មុនពេលចូលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ២០០១។

លោកបានប្រកាសកាលពីដើមឆ្នាំនេះថា លោកមានជំងឺមហារីកលំពែង។

លោក Bo Gustavsson ដែលជាភ្នាក់ងាររបស់លោក បានប្រាប់សារព័ត៌មាន Reuters ថា លោក Eriksson បានស្លាប់កាលពីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។

Eriksson បានដឹកនាំក្រុមអង់គ្លេស ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ និង២០០៦ និងនៅព្រឹត្តិការណ៍ European Championship ឆ្នាំ២០០៤ ដោយបានដឹកនាំកីឡាករជំនាន់មាស ក្នុងនោះរួមមានកីឡាករ David Beckham, Paul Scholes, Frank Lampard, Wayne Rooney និងកីឡាករ Steven Gerrard ផងដែរ៕