(មេនឆេស្ទើ)៖ ក្រុមជើងឯកលីគកំពូលអង់គ្លេស Manchester City បានទទួលយកសំណើ ២៧.៩លានដុល្លារពីក្លិប Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការទិញយកខ្សែការពារ Joao Cancelo នៅជិតចុងបញ្ចប់ទីផ្សារដោះដូរកីឡាករបិទទ្វារប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លក្ខខណ្ឌផ្ទាល់ខ្លួនមិនចោទជាបញ្ហានោះទេ ស្របពេលកីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើនេះ មិនទាន់ព្រមព្រៀងក្នុងការផ្ទេរនេះក្តី។

ប្រសិនបើ Cancelo វ័យ ៣០ឆ្នាំឯកភាព នោះត្រូវបានគេរំពឹងថា នឹងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងនៅ Saudi Pro-League ដោយបញ្ចប់រយៈពេល ៥ឆ្នាំផងដែរលេងនៅកីឡដ្ឋាន Etihad នៃទីក្រុង Manchester ប្រទេសអង់គ្លេស ក្រោយផ្ទេរចេញពីក្លិប Juventus របស់អ៊ីតាលីក្នុងឆ្នាំ២០១៩ ជាមួយនឹងតម្លៃខ្លួន ៧៩លានដុល្លារឯណោះ។

គួររំលឹកផងថា ក្នុងខែសីហា ដែលជាខែចាប់ផ្តើមរដូវកាលថ្មីផងនោះ លោក Pep Guardiola គ្រូបង្វឹក Man City ធ្លាប់បានថ្លែងថា Cancelo នៅតែបន្តលេងក្នុងក្លិបមេឃខៀវ Man City ទៀត ក៏ប៉ុន្តែកីឡាកររូបនេះ មិនទាន់បានចូលលេងក្នុងចំណោម ២ប្រកួតដើមរដូវកាលថ្មីនេះនៅឡើយទេ បូករួមទាំងលេងពានបើករដូវកាល FA Community Shield ទល់នឹង Manchester United ទៀតផង។

កន្លងមក Cancelo ជាខ្សែការពារស្ថិតក្នុងជម្រើសទី១ របស់លោក Pep ប៉ុន្តែក្រោយមកកៅអីនេះត្រូវបានបាត់បង់ទៅវិញ ក្រោយពេលរូបគេបន្តកិច្ចសន្យាថ្មីនាអំឡុងឆ្នាំ២០២២ មក៕