(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពេលនេះបានចេញនៅបញ្ជីរាយនាមកីឡាករចូលរួមប្រមូលផ្តុំ្ហហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ក្នុងវគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិស្រីលង្កា ក្នុងនោះបានឃើញថា មានសមាជិកកីឡាករមកពីក្លិបព្រះខ័នរាជស្វាយរៀង មានដល់ទៅ ៩នាក់ច្រើនជាងគេ ។

សូមជម្រាបថា សម្រាប់ការប្រកួតជើងទី១ ដែលក្រុមកម្ពុជា ប៉ះក្រុមស្រីលង្កា និងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:៤៥នាទីល្ងាច នៅកីឡដ្ឋាន Racecourse International នាទីក្រុង Colombo ហើយជើងទី២ ក្រុមគោព្រៃកម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមស្រីលង្កា នៅថ្ងៃទី១០ ខែកញ្ញាវិញនាវេលាម៉ោង ៧:០០នាទីយប់ ។

បញ្ជាក់ផងថា ស្ថិតក្នុងវគ្គជម្រុះនេះ ក្រៅពីការប៉ះគ្នារវាងក្រុមគោព្រៃកម្ពុជា ទល់នឹងក្រុមស្រីលង្កា ក៏មាន ២គូផ្សេងទៀត ដោយមានក្រុមទីម័រខាងកើត ជួបក្រុមម៉ុងហ្គោលី ហើយក្រុមព្រុយណេ ប៉ះក្រុមម៉ាកាវ ក្នុងការប្រកួត ២ជើងដូចគ្នា ដើម្បីរក ៣ក្រុមឡើងទៅវគ្គជម្រុះជុំទី៣ ជាបន្តទៀត ៕