(បរទេស)៖ មនុស្សជាច្រើនបាននិងកំពុងរង់ចាំវត្តមាន iPhone ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងទុកថាជា iPhone 16 ប៉ុន្តែមិនទាន់ដឹងច្បាស់ថា បង្ហាញខ្លួននៅថ្ងៃណាច្បាស់ឡើង។ ដោយឡែកនៅថ្ងៃនេះ លោក Mark Gurman អ្នកជំនាញខាង iPhone បានបង្ហាញថា Apple នឹងរៀបចំមហាព្រឹត្តិការណ៍នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ។

លោក Gurman បានបង្ហោះសារនៅលើបណ្ដាញសង្គម X ជាមួយនឹងផ្ទាំង Banner មួយដោយបញ្ជាក់ថា Apple នឹងរៀបចំព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ដោយព្រឹត្តិការណ៍នោះមានឈ្មោះថា It's Glowtime។

បើតាមការបញ្ជាក់ពីសំណាក់លោក Gurman បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចាប់ផ្តើមផ្ញើលិខិតអញ្ជើញទៅកាន់ស្ថាប័នផ្សព្វផ្សាយ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានគេរំពឹងថា Apple មិនត្រឹមតែបង្ហាញ iPhone 16 ប៉ុណ្ណោះទេគឺនៅមាន Apple Watch ជំនាន់ថ្មី ដែលត្រូវបានគេសង្ស័យថាជា Apple Watch X និង AirPods ជំនាន់ថ្មីផងដែរ៕