(ឡុងដ៏)៖ បន្ថែមលើទម្រង់ប្រយុទ្ធជួបមុខ នៅពេលនេះក្លិបហង្សក្រហម Liverpool ស្ថិតក្នុងក្របខណ្ឌលីគអង់គ្លេស បានបង្ហាញការចាប់អារម្មណ៍ខ្សែប្រយុទ្ធ Federico Chiesa របស់ក្លិប Juventus, នេះបើតាមប្រភពពី BBC នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។

Federico Chiesa ជាខ្សែប្រយុទ្ធមានវ័យ ២៦ឆ្នាំ មានទម្រង់លេងនៅប្រយុទ្ធជួរមុខ និងបម្រើប្រយុទ្ធ មិនទាន់បានបង្ហាញខ្លួននោះទេ ក្នុងរដូវកាលថ្មីនេះ ជាមួយក្លិប Juventus ដែលស្ថិតក្រោមការដឹកនាំដោយលោក Thiago Motta ដែលរូបគេក៏មិនស្ថិតក្នុងបញ្ជីជម្រើសកីឡាករផងដែរ ។

ដ្បិតរូបគេនៅសល់កិច្ចសន្យា ១ឆ្នាំទៀតជាមួយក្លិប Juventus បន្ទាប់ចូលរួមជាផ្លូវការកាលឆ្នាំ២០២២ បន្ទាប់ពីលេងក្នុងលក្ខខណ្ឌខ្ចីជើងបាន ២រដូវកាល ហើយក្នុងរយៈពេល ៤រដូវកាលមកនេះ រូបគេស៊ុតបាន ៣២គ្រាប់ពីការលេងបាន ១៣១ប្រកួត ។

មុនពេលបង្ហាញការចាប់អារម្មណ៍ទៅលើ Federico Chiesa ក្លិបហង្សក្រហម Liverpool ក៏កំពុងជិតឈានដល់ការចុះហត្ថលេខាលើអ្នកចាំទី Giorgi Mamardashvili ផងដែរ ប៉ុន្តែធ្វើការបានសម្រេចនៅឡើយទេ រហូតមកដល់ទីផ្សាររដូវក្ដៅនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Arne Slot ជាមួយការព្យាយាមដេញថ្លៃលើខ្សែបម្រើ Martin Zubimendi ដែលបង្ហាញគោលជំហរបន្តលេងនៅ Real Sociedad ។

សូមជម្រាបផងថា Federico Chiesa ជាកីឡាករម្នាក់ដែលក្លិប Juventus នាំមកនៅក្នុងរង្វង់តម្លៃប្រមាណ ៥៤លានផោន ពីក្លិបរួមលីគ Fiorentina ប៉ុន្តែបញ្ហារបួសបានកំណត់លើទម្រង់លេងរបស់រូបគេក្នុងរដូវកាលថ្មីនេះ ៕