(វ៉ាស៊ីនតោន)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic នឹងបំបែកកំណត់ត្រាចាស់របស់ Margaret Court ប្រសិនបើឈ្នះពាន US Open 2024 នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បច្ចុប្បន្នកីឡាករអន្តរជាតិស៊ែប៊ី វ័យ ៣៧ឆ្នាំរូបនេះបានឈ្នះពានធំៗ ក្នុងកម្រិត Grand Slam បាន ២៤លើក ស្មើនឹងអតីតកីឡាការិនីវាយទោលអូស្រ្តាលី Margaret ដែលបានចូលនិវត្តន៍ទៅហើយនោះ។

ជាមួយគ្នានោះដែរ Djokovic ក៏បានឆ្លងចូលជុំទី២ នៃ US Open 2024 ទៀតដែរ ក្រោយផ្តួលគូប្រជែង Radu Albot ដោយលទ្ធផល ៦-២ ៦-២ និង ៦-៤ ក្នុងជុំទី១ ដែលជាជ័យជម្នះលើកដំបូងរបស់លោកផងដែរ ក្រោយឈ្នះមេដាយមាសនៅ Paris Olympic Games 2024 ដែលមានរយៈពេល ២៣ថ្ងៃមកនេះ។

សម្រាប់វិញ្ញាសាវាយទោលក្នុងជុំទី២ ជើងខ្លាំង Novak Djokovic នឹងប៉ះកីឡាករ Laslo Djere ធ្វើឡើងនៅរាត្រីថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។

គួរបញ្ជាក់ផងថា Djokovic តែងតែធ្វើបានល្អជានិច្ច ពោលគឺយ៉ាងហោចណាស់ក៏ឈ្នះពានធំក្នុងកម្រិត Grand Slam បានមួយដែរជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៧ មក៕