(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសតែងតាំងលោក Kevan Parekh ជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ខ្លួន ជំនួសបុគ្គលិកជើងចាស់របស់ក្រុមហ៊ុនគឺលោក Luca Maestri ដែលនឹងផ្លាស់ប្តូរពីតួនាទីនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

លោក Kevan Parekh ដើមកំណើតឥណ្ឌា បច្ចុប្បន្នជាអនុប្រធានផ្នែកផែនការ និងវិភាគហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple និងបានបម្រើការងារ​នៅ​ក្នុង​មួយក្រុមហ៊ុនមួយនេះអស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយ បន្ទាប់ពីលោកបានលាឈប់ពីក្រុមហ៊ុន Thomson Reuters (មេធំរបស់សារព័ត៌មាន Reuters) និងក្រុមហ៊ុនផលិតរថយន្ត General Motors (GM)។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Apple បានឱ្យដឹងថា លោក Luca Maestri គឺមិនបានទៅណាឆ្ងាយពី Apple ឡើយ ដោយលោក​នឹង​បន្តដឹកនាំក្រុមសេវាកម្មសាជីវកម្ម រួមទាំងប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា, សន្តិសុខព័ត៌មាន , អចលនទ្រព្យ និងការអភិវឌ្ឍន៍ ជាពិសេសគឺត្រូវថរាយការណ៍ទៅនាយកប្រតិបត្តិ​ក្រុមហ៊ុនគឺលោក Tim Cook ។

លោក Tim Cook បាននិយាយថា «អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ Kevan Parekhជាសមាជិកដែលមិនអាចខ្វះបាននៃក្រុមដឹកនាំផ្នែកហិរញ្ញវត្ថុរបស់ Apple ហើយគាត់យល់ពីក្រុមហ៊ុនទាំងខាងក្នុង និងខាងក្រៅ។ បញ្ញាដ៏មុតស្រួចរបស់គាត់ ការវិនិច្ឆ័យដ៏ឈ្លាសវៃ និងភាពប៉ិនប្រសប់ផ្នែកហិរញ្ញវត្ថុ បានធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះ ដើម្បីក្លាយជា CFO បន្ទាប់របស់ Apple»

គួរបញ្ជាក់ផងដែរថា លោក Kevan Parekh បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Apple នាឆ្នាំ២០១៣ ក្នុងក្រុមការងារផ្នែកហិរញ្ញវត្ថុ និងទីផ្សារផលិតផល៕