(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤នេះ បានដាក់ចេញនូវគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនថ្មី ដើម្បីផ្តល់ដំណោះស្រាយការគ្រប់គ្រងហិរញ្ញវត្ថុ ជាមួយនឹងមុខងារស្របតាមបែបបច្ចេកវិទ្យាទំនើបសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ក្នុងការពិនិត្យ និងតាមដានប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ បន្ថែមពីលើ ការផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ គណនីអាជីវកម្មផ្ទាល់ខ្លួនថ្មីនេះ ក៏នាំមកជូននូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់ សម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទក្នុងការពង្រីក និងបង្កើតប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ម្ចាស់អាជីវកម្មអាចរីករាយនឹងអត្រាការប្រាក់ខ្ពស់រហូតដល់ ២,៥០% ក្នុងមួយឆ្នាំសម្រាប់ប្រាក់រៀល និងដុល្លារ ដែលជាអត្ថប្រយោជន៍នៃការសន្សំប្រាក់របស់ពួកគេ។ ម្ចាស់អាជីវកម្មអាចប្រើប្រាស់គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ធនាគារ ស្ថាបនា សម្រាប់គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ តាមរយៈកម្មវិធី ស្ថាបនា ទូទាត់។​​

លោក ប៊ុន សារ៉ាឌី នាយករងប្រតិបត្តិសេវាធនាគាររូបវន្តបុគ្គលបានថ្លែងថា «គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន គឺជាសក្ខីភាពដ៏សំខាន់ក្នុងការបញ្ជាក់អំពីការយកចិត្តទុកដាក់ និងគាំទ្រសហគ្រិនក្នុងប្រទេសកម្ពុជា។ គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនថ្មីនេះ បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលជូនម្ចាស់អាជីវកម្ម និងដៃគូអាជីវកម្មរបស់យើងក្នុងការបំពេញតម្រូវការទូទាត់ ស្របតាមតម្រូវការក្នុងការប្រកបអាជីវកម្មរបស់ពួកគេ។ ហើយជាមួយនឹងកម្មវិធីពានរង្វាន់អាជីវករឆ្នើមរបស់ធនាគារ ស្ថាបនា នេះក៏បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូន នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មមីក្រូសហគ្រាស ធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា»

លើសពីនេះទៅទៀត ឥឡូវនេះសម្រាប់អ្នកប្រើប្រាស់គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន អាចភ្ជាប់ជាមួយកម្មវិធី ស្ថាបនា ទូទាត់ ក្នុងការគ្រប់គ្រងអាជីវកម្មបានភ្លាមៗ។ គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនថ្មីនេះ នឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មគ្រប់រូបអាចទទួលយកបទពិសោធធនាគារ ដ៏សម្បូរបែបជាមួយនឹងភាពងាយស្រួល ក្នុងការទទួលយកការទូទាត់ពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ គ្រប់គ្រងហាងច្រើនកន្លែង ត្រួតពិនិត្យ​ប្រតិបត្តិការលក់​ និងប្រវត្តិប្រតិបត្តិការលក់បានតាមរយៈទូរសព្ទដៃ (smartphones) បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លើសពីនេះទៅទៀត ចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ធនាគារ ស្ថាបនាក៏ផ្តល់ជូនកម្មវិធីពានរង្វាន់អាជីវករឆ្នើម សម្រាប់ទាំងដៃគូអាជីវកម្មថ្មី និងចាស់ទាំងអស់ រួមបញ្ចូលទាំងម្ចាស់គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនផងដែរ។ កម្មវិធីនេះមានគោលបំណងក្នុងការផ្តល់ពានរង្វាន់ និងថ្លែងអំណរគុណសម្រាប់ការគាំទ្រ ចំពោះដៃគូអាជីវកម្មដែលប្រើប្រាស់សេវាទូទាត់របស់ធនាគារ ស្ថាបនា ដូចជា ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) កម្មវិធី ស្ថាបនា ទូទាត់ និងការទូទាត់ពីអតិថិជនតាមរយៈ ស្ថាបនា​ KHQR។​

ក្នុងរៀងរាល់ ៣ខែ អាជីវករឆ្នើមចំនួន ១៥ នាក់នឹងឈ្នះ៖
• អាជីវករ ដែលប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) ៥ រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) នឹងឈ្នះពានអាជីវករឆ្នើម POS និងប្រាក់រង្វាន់ ១.០០០.០០០រៀល ក្នុងម្នាក់ៗ។
• អាជីវករ ដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ ៥រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈកម្មវិធី ស្ថាបនា ទូទាត់ នឹងឈ្នះពានអាជីវករឆ្នើម ស្ថាបនា ទូទាត់ និងប្រាក់រង្វាន់ ១.០០០.០០០រៀល ក្នុងម្នាក់ៗ។
• អាជីវករថ្មីឆ្នើម ៥ រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈ ស្ថាបនា KHQR នឹងឈ្នះពានអាជីវករថ្មីឆ្នើម និងប្រាក់រង្វាន់ ១.០០០.០០០ រៀល ក្នុងម្នាក់ៗ។
សម្រាប់ព័ត៌មានបន្ថែមអំពីគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន សូមចូលទៅកាន់តំណភ្ជាប់នេះ៖ គណនីអាជីវកម្មផ្ទាល់ខ្លួន (sathapana.com.kh)
សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីពានរង្វាន់អាជីវករឆ្នើម សូមចូលទៅកាន់តំណភ្ជាប់នេះ៖ ឈ្នះពានអាជីវករឆ្នើម និងប្រាក់រង្វាន់ ១,០០០,០០០រៀល ពីធនាគារស្ថាបនា (sathapana.com.kh)៕