(ឡុងដ៏)៖ ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃផ្ទេរប្រមាណ ៥០លានអឺរ៉ូ ស្មើនឹង ៤២.២៩លានផោន ជាមួយក្លិប Paris Saint Germain ក្នុងការនាំយកកីឡាករសញ្ជាតិអ៊ុយរូហ្គាយ Manuel Ugarte, នេះបើតាមប្រភពពី Skysports នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។

Manuel Ugarte ជាកីឡាករម្នាក់ដែលក្លិបលីគបារាំង PSG បាននាំមកក្នុងតម្លៃប្រមាណ ៥១លានផោន ស្មើនឹង ៦០អឺរ៉ូ ពីក្លិប Sporting Lisbon ជាមួយការលេងក្នុងរដូវកាល២០២៣-២៤ រូបគេបង្ហាញខ្លួនបាន ៣៧ប្រកួត ។ Ugarte ក៏ទទួលបានការកោះហៅលេងឱ្យជម្រើសជាតិអ៊ុយរូហ្គាយ បានចំនួន ២២ប្រកួតផងដែរ ។

ខណៈនេះជាតម្លៃផ្ទេរដែលឃើញថា ក្លិប PSG បានបង់ខាតប្រមាណ ១០លានអឺរ៉ូ ចំពោះខ្សែបម្រើ Manuel Ugarte ដ្បិតការចរចារវាងក្លិបអង់គ្លេស និងក្លិបបារាំង បានធ្វើឡើងដោយភាពសប្បាយចិត្តជាមួយកិច្ចព្រមព្រៀងនេះ ។ Man United ក៏ស្ថិតក្នុងកិច្ចសន្យាបង់បន្ថែម ១០លានអឺរ៉ូ ចំពោះការបង្ហាញពីសក្តានុពលផងដែរ ។

ការផ្លាស់ប្តូរនេះ បានកើតឡើងស្របពេលខ្សែបម្រើ Scott McTominay ជិតសម្រេចបញ្ចប់ការចរចាតម្លៃ ៣០លានអឺរ៉ូ ទៅកាន់ក្លិបអ៉ីតាលី Napoli ក្នុងទីផ្សារកីឡាកររដូវក្តៅនេះ ជាមួយនឹងរូបគេនឹងធ្វើដំណើរទៅកាន់អ៉ីតាលី ដើម្បីពិនិត្យសុខភាពផងដែរ ។

បញ្ជាក់ផងថា នេះជាការផ្លាស់ប្តូរមួយដែលក្លិប Man United បានព្យាយាមធ្វើឡើងឱ្យស្របទៅតាមច្បាស់ហិរញ្ញវត្ថុប្រាក់ចំណេញរបស់លីគ Premier League’s Profit ហើយនឹងច្បាប់និរន្តរភាពលើការលក់ចេញកីឡាករថ្នាលរបស់ក្លិប ៕