(ភ្នំពេញ)៖ ពិតជាមិនធម្មតា និងសូមសរសើរពីសមត្ថភាព របស់តារាម៉ូដែលវ័យក្មេងរបស់កម្ពុជា យុវតី ហេង សុរៈផុស្សតី ដែលទទួលបានពានរង្វាន់ធំៗ រហូតដល់ទៅ៥ ពីកម្មវិធីប្រឡងដើរបង្ហាញម៉ូត «2024 SEASON 7 CHINESE STAR CHILD MODEL NATIONAL FINALS» ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ នៅទីក្រុង Changsha (ឆាងសា) ខេត្ត Hunan (ហួណាន) នាពេលថ្មីៗនេះពីប្រទេសចិន។

ពានរង្វាន់ដែលតារាម៉ូដែលខ្មែរវ័យក្មេង ហេង សុរៈផុស្សតី ទទួលបានមានដូចខាងក្រោម៖
ទី១- ការដើរបើកកម្មវិធីទទួលបានពានចំនួន១។
ទី២- PK (Player Killer) Competition មានបេក្ខភាពចូលរួម ៩៥៨នាក់ ទទួលបានពានមាស «Top 5»។
ទី៣- Dress Competition មានបេក្ខភាពចូលរួម ៣៦៨នាក់ ទទួលបានពានមាស «Top 1»។
ទី ៤- P & G Competition Clothes មានបេក្ខភាពចូលរួម ១,១២៥នាក់ ទទួលបានពានមាស «Top 4»។
ទី៥- CP Competition មានបេក្ខភាពចូលរួម ១៣៥គូ ទទួលបានពានសំរិទ្ធិ១។
ទី៦- MOJIE Brand Show។

តារាម៉ូដែលខ្មែរវ័យក្មេង ហេង សុរៈផុស្សតី បានថ្លែងប្រាប់ឲ្យដឹងថា មូលហេតុនៃការចូលរួមប្រកួត គឺដើម្បីបង្ហាញអំពីសមត្ថភាព ទេព្យកោសល្យដ៏អស្ចារ្យ ការជឿជាក់របស់ខ្លួន និងដើម្បីបង្ហាញឲ្យពិភពលោកបានដឹង និងស្គាល់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើង តាមរយៈការធ្វើសន្ទរកថា ផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតប្រជែងសមត្ថភាព លក្ខណៈអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិននេះ អ្នករចនាម៉ូត អូលីវ៉ាគង់ ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសក្នុងការដើរបង្ហាញ ជាមួយនឹងកុមារី ផុស្សតី និងបាននាំយកមកនូវសម្លៀកបំពាក់សហសម័យមានឈ្មោះថា «ទេពអប្សរបរមវិស្ណុលោក» សម្រាប់ឲ្យរូបនាងណែនាំខ្លួន នៅក្នុងកម្មវិធីបើកដ៏អស្ចារ្យ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន និងអ្នកគាំទ្រនៅកម្ពុជា។ នេះជាលើកទី១ ដែលកុមារីកម្ពុជា មានឱកាសបានចូលរួមប្រឡងប្រកួតប្រជែង នៅក្នុងវិស័យដើរម៉ូត របស់ប្រទេសចិន៕