(អឺរ៉ុប)៖ អ្នកចាំទីសញ្ជាតិប៉ូឡូញ Wojciech Szczesny បានសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្នុងវ័យ ៣៤ឆ្នាំ ដែលកីឡាករូបនេះបានប្រកាសកាលពីថ្ងៃអង្គារ ក្រោយពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកចាកចេញពីក្លិប Juventus ដែលលេងនៅលីគកំពូលអ៉ីតាលី Serie A លើកិច្ចព្រមព្រៀងទាំងសងខាង។ នេះបើយោងតាមាសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

មុនការប្រកាសចូលនិវត្តន៍នេះ Szczesny បានចំណាយពេល ៧រដូវកាលលេងនៅក្លិប Juventus ដ្បិតបាននៅសល់រយៈពេល ១ឆ្នាំទៀត លើកិច្ចសន្យា ។ ហើយលោកក៏មានព័ត៌មានជាប់ពាក់ព័ន្ធនឹងការផ្ទេរ ទៅលេងនៅក្លិបអ៉ីតាលី Monza និងក្លិប Al-Nassr ដែលលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ផងដែរ ។

Szczesny អ្នកចាំទីឆ្នើមមួយរូបបានចាប់ផ្តើមអាជីព នៅក្លិប Arsenal ដែលលេងនៅលីគ Premier League រួមចំណែកឈ្នះពាន FA Cup បានចំនួន ២លើក, នឹងបានឈ្នះពានរង្វាន់ Serie A ចំនួន ៣លើកជាមួយក្លិប Juventus ព្រមទាំងពានរង្វាន់ Coppa Italia បានចំនួន៣ លើកផងដែរ នឹងធ្លាប់លេងនៅក្លិប Brentford និងក្លិប Roma ផងដែរ។

ជាមួយក្រុមជម្រើសជាតិប៉ូឡូញ Szczesny ធ្លាប់ទទួលការកោះហៅ ៨៤លើក ទាំងពីឈុតយុវជនកម្រិត U20 រហូតដល់ឈុតធំ នឹងជាកីឡាករអ្នកចាំទីអាជីពម្នាក់ បានឈ្នះពាន Polish Newcomer of the Year 2011 និងពានឯកត្តជន Premier League Golden Glove 2013-14 និងពាន Lega Serie A Goalkeeper of the Year 2019-20 ៕