(អាប៊ូចា)៖ លោក Bruno Labbadia ដែលជាអតីតកីឡាករអន្តរជាតិអាល្លឺម៉ង់ ក្នុងវ័យ ៥៨ឆ្នាំ ពេលនេះត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី របស់ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា នាំឱ្យលោកក្លាយជាគ្រូបង្វឹកទី៣ ដែលត្រូវបានតែងតាំងក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

សហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា បានប្រកាសលើប្រព័ន្ធទំនាក់ទំនងសង្គមនៅថ្ងៃអង្គារថា ការតែងតាំងរបស់លោក គឺមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិត ស្តីពីរយៈពេលនៃកិច្ចសន្យានោះឡើយ។

លោក Labbadia បានចូលដឹកនាំក្រុមនេះក្នុង ១២ថ្ងៃ មុនពេលក្រុមនីហ្សេរីយ៉ា នឹងចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះពានក្នុងតំបន់ Africa Cup of Nations ឆ្នាំ២០២៥ ស្ថិតក្នុងពូល D ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវប្រទេសជិតខាងបេនីន នៅទីក្រុង Uyo ។ ហើយនៅ ៣ថ្ងៃបន្ទាប់ ក្រុមនីហ្សេរីយ៉ា ក៏ត្រូវប្រកួតក្រៅទឹកដី នៅប្រទេសរវ៉ានដា ។

បុសវ័យ ៥៨ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបជាច្រើន លេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga មានដូចជាក្លិប Bayer Leverkusen, Hamburg, VfB Stuttgart, VfL Wolfsburg និងក្លិប Hertha Berlin ផងដែរ។ ហើយនេះគឺជាការងារលើកដំបូង របស់លោកក្នុងការដឹកនាំក្រុមបាល់ទាត់ នៅក្រៅប្រទេសអាល្លឺម៉ង់។

ខណៈការតែងតាំងនេះ គឺលោក Bruno Labbadia បានចូលទៅជំនួសតំណែងរបស់លោក Finidi George ដែលបានដឹកនាំក្រុមនីហ្សេរីយ៉ា បានត្រឹមតែ ៤ប្រកួតប៉ុណ្ណោះ កាលពីដើមឆ្នាំនេះ ។

លោក Labbadia ដែលធ្លាប់ទទួលការកោះហៅ ២លើក លេងឱ្យក្រុមជម្រើសជាតិ និងធ្លាប់ជាខ្សែប្រយុទ្ធ លេងនៅក្លិប Bayern Munich ផងដែរ, ហើយលោកនឹងចំណាយពេលវេលា ដែលនៅសេសសល់ក្នុងឆ្នាំនេះ ផ្តោតលើការដឹកនាំក្រុមជម្រើសជាតិនីហ្សេរីយ៉ា សម្រាប់ឈានទៅជុំចុងក្រោយការប្រកួតពាន Africa Cup of Nations ដែលមានប្រទេសម៉ារ៉ុក រៀបចំការប្រកួតនៅចុងឆ្នាំ២០២៥ ខាងមុខ៕