(ឡុងដ៏)៖ ជាផ្លូវការ! ខ្សែការពារ Joao Cancelo បានសម្រេចការផ្ទេរទៅកាន់ក្លិប Al-Hilal ដែលស្ថិតក្នុងលីគអារ៉ាប៊ីសាអីឌីត ចេញពីក្លិបអង់គ្លេស Manchester City ក្នុងតម្លៃប្រមាណ ២១.២លានផោន ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ, នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។

រំលឹកផងថា ខ្សែការពារមានវ័យ ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយ Man City អស់រយៈពេល ៤រដូវកាល ជាមួយការរកបាន ៩គ្រាប់ ពីការលេងបាន ១៥៤ប្រកួត ជាមួយការចេញទៅលេងខ្ចីជើងនៅក្លិបធំៗ មានក្រុម Bayern Munich និង FC Barcelon ដ្បិតការចាកចេញនេះ បន្ទាប់ពីមិនមានភាពចុះសម្រុងគ្នាជាមួយអ្នកចាត់ការក្រុម Pep Guardiola ។

កីឡាករអន្តរជាតិព័រទុយហ្គាល់ រូបនេះបានចូលរួមជាមួយក្រុម Man City ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola ពីក្លិបអ៉ីតាលី Juventus ក្នុងតម្លៃ ៦០លានផោនក្នុងឆ្នាំ២០១៩ ហើយបានក្លាយជាផ្នែកសំខាន់នៃក្រុមផងដែរ ។

ការលេងក្នុងក្លិបតំបន់អឺរ៉ុប Joao Cancelo បានឈ្នះពាន Premier League ចំនួន ៣រដូវកាល ហើយក៏លើកពានអាល្លឺម៉ង់ ១លើជាមួយ Bayern Munich ជាមួយពាន Serie A នៅក្លិប Juventus និងកំពូលក្នុងស្រុក Primeria Liga ជាមួយក្លិប Benfica ៕