(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ស្រាប់តែស្ងាត់ៗកំលោះសង្ហា រី សុវណ្ណៈ ត្រូវបានលោក Romyr Libo-on ជា National Director ប្រកាសជ្រើសតាំងជាបុរសឯកតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី «Mister International 2024» នៅលើទឹកដីនៃប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះមានវគ្គសំខាន់ៗចំនួន២ គឺការប្រកួតបឋម នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

តំណាង Mister International Cambodia 2024 បានឲ្យដឹងថា ការដែល National Director សម្រេចជ្រើសរើសលោក រី សុវណ្ណៈ ជាបុរសឯកតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ដោយសាតែ Mister International ជាកម្មវីធីប្រកួតប្រជែងសម្រស់ដែលផ្តោតសំខាន់លើវប្បធម៌ និងទេសចរណ៍ ជាផ្នែកសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិឲ្យមានការអភិវឌ្ឍន៍។ ជាងនេះទៅទៀត កម្មវិធីនេះមានរចនាសម្ព័ន្ធការរៀបចំបានល្អ និងជាម្ចាស់ដើមដំបូងនៃកម្មវិធីជាជនជាតិហ្វីលីពីន ហើយបើកឱកាសឲ្យបេក្ខភាពអាយុ ១៨-៣២ឆ្នាំ ដែលត្រូវនឹងអាយុរបស់លោក រី សុវណ្ណៈ តែម្តង។

បុរសឯកតំណាងកម្ពុជា លោក រី សុវណ្ណៈ បានចាត់ទុកថា នេះជាឱកាសល្អសម្រាប់ការចូលរួមផ្សព្វផ្សាយអំពីសិល្បៈ របាំ ទំនៀមទំលាប់ ប្រពៃណី ប្រាង្គប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា ពិសេសតំបន់ទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកកម្សាន្តកម្ពុជាបានកាន់តែច្រើនឡើង។

លោក រី សុវណ្ណៈ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចេញទៅប្រកួតវេទិកាអន្តរជាតិ។ លោកបានផ្តោតសំខាន់លើចំណេះដឹងទូទៅទាក់ទងវប្បធម៌ជាតិ-អន្តរជាតិ, ការតស៊ូមតិ ដើម្បីលើកម្ពស់វិស័យអប់រំ និងទំនាក់ទំនង , សំណួរចម្លើយ សម្រាប់កម្មវិធី និងបទបង្ហាញ, ការបញ្ចេញសមត្ថភាពពិសេសដូចជា របាំសិល្បៈខ្មែរ និងការសម្តែងផ្សេងៗ, ការរៀបចំខ្លួន និងសម្លៀកបំពាក់ដែលសមស្របទៅតាមសកម្មភាព។ លើសពីនេះក៏មានឈុត ប្រពៃណី និងឈុតតំណាងជាតិច្នៃម៉ូដ និងតំឡើងដោយ Po Makara រួមទាំង ការហ្វឹកហាត់ការដើរបង្ហាញម៉ូដ​ និងក្បាច់រាំចង្វាក់សម័យ​ជាមួយគ្រូ​ភីលីពីន​ លោក​ Fel Odrazilef ផងដែរ។

នេះជាការផ្លាស់ប្តូរទ្រង់ទ្រាយធំរបស់លោក រី សុវណ្ណៈ ហើយវាក៏ជាក្តីស្រមៃដ៏ធំក្នុងជីវិតដែលកំពុងក្លាយជាពិត ដែលតែងតែចង់បង្ហាញអំពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។ សុវណ្ណៈ ពុំសូវព្រួយបារម្ភពីការរិះគន់នោះឡើយ ផ្ទុយទៅវិញលោកជឿជាក់ថា ជនជាតិខ្មែរយើង នឹងចូលរួមគាំទ្រ លើកទឹកចិត្ត ចែករំលែក ព្រោះអ្វីដែលលោកកំពុងធ្វើ គឺដើម្បីអ្នកទាំងអស់គ្នា ប្រជាជាតិ និងប្រទេសជាតិយើងទាំងមូល។ បេក្ខភាពតំណាងកម្ពុជារូបនេះ តាំងចិត្តយ៉ាងមុតមាំថា មិនថាមានរឿងអ្វីក៏ដោយ លោកមិនបោះបង់ ហើយតស៊ូដើម្បីកេរ្តិ៍ឈ្មោះកម្ពុជា លើកទង់ជាតិកម្ពុជា ជាជាតិសាសន៍ដ៏អស្ចារ្យ សំបូរទៅដោយវប្បធម៌ដ៏ល្អផូរផង់។

Mister International Cambodia 2024 ប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក តាមរយៈវេទិកា Mister International 2024 និងនាំបេក្ខភាពទាំងអស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ឲ្យមកទស្សនាប្រទេសកម្ពុជា។

ចាប់ពីពេលនេះ លោកនឹងខិតខំកែប្រែនូវចំណុចខ្វះខាត ដែលរៀនពីរៀមច្បង លោកគ្រូ អ្នកគ្រូ និងមនុស្សជុំវិញខ្លួន ដើម្បីបំពេញចំណុចល្អបន្ថែម ទាំងចំណេះដឹង ជំនាញ ឬការទំនាក់ទំនង។ ថ្មីៗនេះ លោកបានរៀនបន្ថែមពីសិល្បៈខ្មែរ ល្ខោនខោល ក្បាច់គុន ល្បុក្កតោ ដើម្បីត្រៀមបង្ហាញនូវលើឆាកអន្តរជាតិ។ លោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងគាំទ្រដំណើរការចេញទៅប្រកួត លើឆាកអន្តរជាតិលើកដំបូងរបស់លោក នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕